ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានចូលូទៅសម្ងំលាក់ខ្លួនពួនអាត្មាក្នុងបន្ទប់ទឹកស្រីៗក្នុងផ្សារទំនើប ស៊ីធីម៉ល លុះឃើញស្ត្រីអនាម័យចូលទៅដល់ ក៏ធ្វើសកម្មភាពចាប់ច្របាច់ក វាយបណ្តាលឱ្យរងរបួសប៉ោងមុខ រួចប្លន់យកទូរស័ព្ទដៃរបស់ស្ត្រីរងគ្រោះបានសម្រេច និងព្យាយាមរត់គេចខ្លួនដែរ តែរត់មិនរួច ត្រូវក្រុមសន្តិសុខផ្សារតាមចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចបន្ទប់ទឹកស្រី ក្នុងបរិវេណផ្សារទំនើប ស៊ីធីម៉ល ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ តូលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះវ៉ាន់ លក្ខិណា អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកអនាម័យ (រងរបួសប៉ោងមុខមាត់យ៉ាងដំណំ)។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានលួចចូលទៅលាក់ខ្លួនពួនអាត្មាសម្ងំក្នុងបន្ទប់ទឹកស្រីៗ ក្នុងផ្សារទំនើប ស៊ីធីម៉ល។ លុះមកដល់វេលាម៉ោងកើតហេតុ នៅពេលឃើញស្ត្រីរងគ្រោះកំពុងចូលទៅធ្វើអនាម័យក្នុងបន្ទប់ទឹក ស្រាប់តែជនសង្ស័យខាងលើបានធ្វើសកម្មភាពស្ទុះចេញមកច្របាច់ក និងវាយស្ត្រីអនាម័យបណ្តាលឱ្យរងរបួសប៉ោងមុខមាត់ រួចប្លន់យកទូរស័ព្ទ ដៃ១គ្រឿងបានសម្រេច។

ក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យបានព្យាយាមរត់គេចខ្លួនដែរ តែត្រូវបានសន្តិសុខផ្សារ តាមចាប់ខ្លួនបានមកវិញ ភ្លាមៗ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញខណ្ឌ៧មករា បញ្ជូនទៅធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកទូរស័ព្ទដៃរបស់ជនរងគ្រោះ ត្រូវបាននគរបាលខណ្ឌ៧មករាប្រគល់ឱ្យម្ចាស់ដើមវិញរួចរាល់ហើយដែរ៕