ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមកច្រានចោលចំពោះការផ្សាយ បំពុលខុសពីការពិតថា ដោយលើកឡើងថា អ្នកគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ-១៩។
ការចេញមកច្រានចោលនេះ បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Hai Khmerkrom ដែលគេស្គាល់ថា ជារបស់បុគ្គលឈ្មោះសឺន ហាយ ជាខ្មែរក្រោម ដែលរត់ចេញពីកម្ពុជាទៅនៅក្រៅប្រទេសកាលពីប៉ុន្មានឆ្នាំមុននោះ បានបង្ហោះលើទំព័រហ្វេសប៊ុកថា មានគ្រូបង្រៀនម្នាក់ ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ១៩។
លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់មាន គ្រូបង្រៀនណាម្នាក់ចាក់នៅឡើយទេ។

លោកស្រី ឱ វណ្ណឌីន បានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនផ្សព្វផ្សាយព័ត៌មានបំពុលនេះផងដែរ។
សូមបញ្ជាក់ថា កញ្ញា ឆន ណារី អាយុ២១ឆ្នាំ មុខរបរជាគ្រូបង្រៀននៅខេត្តក្រចេះ មានលំនៅក្នុងភូមិជ្រោយអំពិល ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារតែជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះប៊ន វាសនា ដែលអះអាងថា ត្រូវជាសាច់ញាតិរបស់អ្នកគ្រូបង្រៀនរងគ្រោះខាងលើ បានបញ្ជាក់ថា “ការពិតក្មួយស្រី ឆន ណារី មានជម្ងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរខ្លាំងណាស់ មិនមែនស្លាប់ ដោយសារការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ Sinnorfarm របស់ចិននោះទេ។ សូមបងប្អូនទាំងអស់ទទួលជ្រាបជាព័ត៌មានច្បាស់ការ ប្រសិនបើមិនបានជួយដល់សង្គមសូមមេត្តា កុំបំពុលសង្គម…”។

ចំណែកគណនីហ្វេសប៊ុកឈ្មោះចាន់ដានី ហួយ បានបញ្ជាក់ដែរថា “ខ្ញុំបាទនាយកវិទ្យាល័យហ៊ុនសែនស្នួល សូមជម្រាបជូនបងប្អូន មាមីង លោកយាយ លោកតា សាធារណជន មេត្តាជ្រាបថា អ្នកគ្រូ ឆន ណារី បម្រើការងារនៅវិ.ហស.ស្នួល បានទទួលមរណភាពកាលពីយប់ថ្ងៃទី១៦-០២-២០២១ ដោយជម្ងឺរបស់គាត់រលាកស្រោមខួរក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសាការចាក់ថ្នាំវ៉ាក់សាំង Covid-19 ទេ សូមបងប្អូន សាធារណជនមេត្តាជ្រាប់ជាព័ត៌មាន កុំជឿតាមជនអគតិមួយចំនួនតូចបានបំពុលឱ្យសោះ សូមអរគុណ…”។
ដោយឡែក លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ ផងដែរថា “ខ្ញុំស្នើសុំឱ្យសមត្ថកិច្ចស្រាវជ្រាវរកទាំងអ្នកផុស ទាំងអ្នកស៊ែរព័ត៌មានបំពុលខាងក្រោមនេះមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាបន្ទាន់។ សូមជម្រាបថា ការមរណភាពរបស់គាត់ គឺដោយសារជំងឺ រលាកស្រោមខួរ មិនមែនដូចការផ្សព្វផ្សាយនេះឡើយ សូមកុំយល់ច្រឡំ…”៕