តារាសម្ដែងរូបស្រស់ មាន សូនីតា បានផ្ដោតទៅលើវិស័យជំនួញបន្ថែមទៀត នៅឆ្នាំ២០២១នេះ ដោយនាងមានហាងផ្ទាល់ខ្លួនដល់ទៅ២នោះ គឺហាង “ផ្ទះស្រលាញ់” និងហាងកាហ្វេ ”ណ” ដែលអតីតពិធីការិនីទូរទស្សន៍ប៉ុស្ដិ៍លេខ៥ រូបនេះ បានចំណាយទុនដល់ទៅរាប់សែនដុល្លារឯណោះ។

ការងាកមករកស៊ីធំនេះ ធ្វើឲ្យគេសង្ស័យថា សូនីតា ចង់បោះបង់អាជីពសិល្បៈ ព្រោះតែគេឃើញនាងកាន់តែរយាលពីការថតសម្ដែង និង MV និងភាពយន្ដនៅចុងក្រោយនេះ ដោយស្ទើរតែបាត់មុខនាងទាំងស្រុងតែម្ដង។

ប៉ុន្ដែសូនីតា អះអាងថា នាងមិនបានត្រៀមខ្លួនបោះបង់ចោលអាជីពសម្ដែងនោះទេ គឺនៅតែបន្ដដដែល គ្រាន់តែពេលនេះនាងចាប់អារម្មណ៍ទៅលើការកស៊ីបន្ថែម ព្រោះថា មនុស្សយើងមិនអាចធ្វើអ្វីតែមួយមុខឡើយ គឺត្រូវតែមានមុខរបរអ្វីមួយផ្សេង ក្រៅពីការងារសិល្បៈ។ នាងថា នៅដើមឆ្នាំ២០២១នេះ នាងបានថតភាពយន្ដ១រឿង ឲ្យប៉ុស្ដិ៍ហង្សមាស ដែលត្រៀមដាក់បញ្ចាំងនាពេលខាងមុខនេះផងដែរ។

ដោយឡែក ការបើកហាងកាហ្វេកាលពីពេលថ្មីៗនេះ សូនីតា ថា នាងបានចូលហ៊ុនជាមួយមិត្តភក្ដិដល់ទៅ៧នាក់ ដែលមានន័យថា ម្នាក់ៗមានជំនាញរៀងៗខ្លួន អីចឹងគឺធ្វើការស្រុះគ្នាតែម្ដង ទើបអាចដំណើរការហាងនោះបានដោយរលូន។

ក្រៅពីជះលុយទៅលើការធ្វើជំនួញធំនោះ មាន សូនីតា ត្រូវបានគេដឹងថា នាងក៏ជាតារាលេងម៉ូដរថយន្ដទំនើបៗ ដោយជិះផ្លាស់ប្ដូរគ្នាជាញឹកញាប់ទៀតផង។

ព័ត៌មានបានឲ្យដឹងថា ថៅកែស្រីរូបនេះក៏បានទិញផ្ទះវីឡារស់នៅស្កឹមស្កៃនៅបុរីប៉េង ហួត (បឹងស្នោរ) ដែលមានតម្លៃរាប់សែនដុល្លារ។

ក្រៅពីមាន សូនីតា តារាដែលបើកហាងកាហ្វេ មានដូចជា កញ្ញាឌួង ហ្សីរីដា, មាស សុខសោភា, បេប៊ី, អ្នកនាងយុគ ចិន្ដា, លោកសាយ រតនៈ និងឌីជេ ហេរ៉ូ ជាដើម។

ដោយឡែកសូនីតា វិញកំពុងតែផ្ដោតលើការពង្រីកហាងកាហ្វេនៅទីតាំងផ្សេងបន្ថែមទៀត ខណៈដែលនាងបានធ្វើជា BA ឲ្យកាហ្វេ ”ណ” ជាច្រើនឆ្នាំមកហើយ៕