ភ្នំពេញ ៖ ក្រុមគ្រួសារមួយបាននាំគ្នាចាក់សោផ្ទះ រួចចាកចេញធ្វើដំណើរកម្សាន្តនៅតាមបណ្តាខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម លុះពេលត្រឡប់មកដល់ផ្ទះវិញ ក៏មានការផ្អើលឆោឡោ ដោយសារត្រូវចោរគាស់ផ្ទះលួចយកលុយ ម៉ូតូ និងគ្រឿងអលង្ការ សរុបជាង២ម៉ឺនដុល្លារ។
ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ៤៤០ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះ ផល ភេទប្រុសអាយុ៥៦ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅក្នុងហេតុការណ៍ខាងលើនេះ គាត់បានបាត់បង់ខ្សែដៃពេជ្រ១ខ្សែ មានតម្លៃ១៤០០០ដុល្លារ ក្រវិលពេជ្រ៣គូ តម្លៃ៩០០០ដុល្លារ ខ្សែកប្លាទីន៤ខ្សែ ក្នុង១ខ្សែ តម្លៃ៦០០ដុល្លារ ខ្សែដៃប្លាទីន៤ខ្សែ ក្នុង១ខ្សែ តម្លៃ ១៣០០ដុល្លារ ប្រាក់ដុល្លារជាង៤៨០០ដុល្លារ ម៉ូតូ៣គ្រឿងម៉ាក Click ១គ្រឿង មិនចាំស្លាកលេខ និងម៉ាក Scoopy ២គ្រឿង សរុបទាំងអស់ជាង២ម៉ឺនដុល្លារ។

តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះមិននៅផ្ទះទេ ដោយបានទៅដើរលេងតាមខេត្ត ហើយអ្នកជិតខាងបានឃើញសោផ្ទះរបូតចេញពីទ្វារដែក ដោយសង្ស័យថាត្រូវចោរគាស់ផ្ទះ ក៏ទូរស័ព្ទទៅប្រាប់ម្ចាស់ផ្ទះ រួចម្ចាស់ផ្ទះបានទូរស័ព្ទឱ្យបងប្អូនរបស់គាត់មកមើល ស្រាប់តែឃើញសភាពរាយប៉ាយពេញផ្ទះ ហើយសម្ភារល្អៗត្រូវចោរលួចអស់បាត់ទៅហើយ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ បានលើកឡើងថា នៅក្នុងមួយរយៈចុងក្រោយនេះ សង្កេតឃើញថា ករណីចោរកម្មនៅក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន បានកើតឡើងជាបន្តបន្ទាប់ ចំនួន២លើកមកហើយ ដោយលើកទី១ កើតកាលពីនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ម្ចាស់ផ្ទះបាត់លុយនិងគ្រឿងអលង្ការ សរុបជិត១ម៉ឺនដុល្លារដែរ និងលើកទី២ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលករណីទី១ នៅមិនទាន់បង្ក្រាបបាននៅឡើយ ស្រាប់តែកើតករណីទី២ទៀត។

ប្រជាពលរដ្ឋបានសំណូមពរឱ្យលោកអ៊ុក សាវឿន នាយប៉ុស្តិ៍រដ្ឋបាលទួលទំពូងទី២ ជួយល្បាតក្នុងមូលដ្ឋានផង ពីព្រោះសព្វថ្ងៃនេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងណាស់ ដោយភាគច្រើនប្រជាពលរដ្ឋក្នុងសង្កាត់ទួលទំពូងទី២ ច្រើនតែជាអាជីវករលក់ដូរតាមផ្សារ និងបុគ្គលិកក្រុមហ៊ុនឯកជន មិនសូវបាននៅផ្ទះជាប់លាប់នោះឡើយ ដែលជាឱកាសសម្រាប់ក្រុមជនសង្ស័យដើរធ្វើសកម្មភាព៕