Sunday, June 22, 2025
Homeព័ត៌មានជាតិមានសន្តិសុខយាមត្រឹមត្រូវ... នាងចេញពីហូបស៊ុបវិញ ស្រាប់តែផ្អើលតែម្តង

មានសន្តិសុខយាមត្រឹមត្រូវ… នាងចេញពីហូបស៊ុបវិញ ស្រាប់តែផ្អើលតែម្តង

ភ្នំពេញ ៖ នារី២នាក់ បានជិះម៉ូតូ១គ្រឿង ចូលទៅហូបស៊ុបនៅហាងមួយកន្លែង ដោយត្រូវបានសន្តិសុខហាង យកសំបុត្រមកកឹបត្រឹមត្រូវ លុះហូបចុករួច ចេញមកវិញ ស្រាប់តែបាត់ម៉ូតូ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចហាងស៊ុប រិទ្ធី ត្រពាំងថ្លឹង ៩៩៩៩ (១) មានទីតាំងស្ថិតនៅខាងកើតស្តុបទួលពង្រ ប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ម៉ូតូរបស់គាត់ ម៉ាកហុងដា ស្កុបពី ស៊េរីឆ្នាំ២០២១ ពណ៌ស ដោយមិនបញ្ជាក់ពីស្លាកលេខ ហើយមុនកើតហេតុ រូបគាត់មានគ្នាពីរនាក់បានជិះម៉ូតូចូលទៅហូបស៊ុបនៅហាងកើតហេតុខាងលើ ដោយមានសន្តិសុខហាង បានយកសំបុត្រមកកឹបត្រឹមត្រូវ។

លុះដល់ម៉ោងកើតហេតុខាងលើ ក៏បាននាំគ្នាចេញមកវិញ ស្រាប់តែបាត់ម៉ូតូ មិនដឹងថាជនសង្ស័យធ្វើសកម្មភាពលួចយកទៅតាំងពីពេលណា រួចក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការសាកសួរនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ច បាននាំជនរងគ្រោះ និងម្ចាស់ហាង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីធ្វើការសម្រុះសម្រួលគ្នា អស់រយៈពេលជាង១ម៉ោង បន្ទាប់មកភាគីម្ចាស់ហាង សូមពន្យារពេល៤ទៅ៥ ថ្ងៃ ដើម្បីធ្វើការដោះស្រាយគ្នាបន្តទៀត៕

RELATED ARTICLES