Sunday, June 22, 2025
Homeព័ត៌មានជាតិដកអធិការស្រុកកំរៀង ព្រមានអ្នកផ្សេងទៀត កុំឲ្យប្រព្រឹត្តទង្វើបែបនេះទៀត

ដកអធិការស្រុកកំរៀង ព្រមានអ្នកផ្សេងទៀត កុំឲ្យប្រព្រឹត្តទង្វើបែបនេះទៀត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានសម្រេចចេញអនុក្រឹត្យសម្រេចដកស័ក្តិ មុខតំណែង និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ក្រោយពីរកឃើញថា អធិការស្រុកកំរៀងរូបនេះ បានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ចូលមកក្នុងទឹកដីកម្ពុជា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ការចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌ មន្ត្រីនគរបាលជាតិ ធ្វើឡើងបន្ទាប់ពីមានបញ្ជារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះ ពិតជាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជា ប្រាកដមែន។

យោងតាមប្រសាសន៍សម្តេច ហ៊ុន សែន ក្រៅពីបកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ សម្តេចបានបញ្ជាឱ្យអភិបាលខេត្ត និងអគ្គស្នងការ នគរបាលជាតិ ត្រូវបន្តចាត់ការអនុវត្តតាមផ្លូវច្បាប់ទៀត ដើម្បីផ្តន្ទាទោសជនពុករលួយរូបនេះ ដាក់ពន្ធនាគារឱ្យខាងតែបាន ដើម្បីជាការព្រមាន ដល់ជនទាំងឡាយផ្សេងទៀត កុំឱ្យប្រព្រឹត្តទង្វើបែបនេះ។

លោកគឹម ពន្លក

តាមប្រភពព័ត៌មាន បានឱ្យដឹងថា លោកវរសេនីយ៍ឯក គឹម ពន្លក បានទទួលស្គាល់ថា ខ្លួនពិតជាបានទទួលមុខសញ្ញាមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ពីកម្លាំងវរៈការពារព្រំដែន-៨១៩ ករណីទីមួយគឺមុខសញ្ញាផ្តល់ជំរកស្នាក់នៅដល់ពលករ ដើម្បីត្រៀមឆ្លងដែនខុសច្បាប់ពីកម្ពុជា ទៅថៃ និងករណីទីពីរគឺមុខសញ្ញាពាក់ព័ន្ធនាំពលករឆ្លងដែនខុសច្បាប់ពីថៃចូលកម្ពុជា គេចពីការធ្វើចត្តាឡីស័ក ប្រាកដមែន។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចផ្អាកការងារ បណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង៕

RELATED ARTICLES