Sunday, June 22, 2025
Homeតារាខ្មែរអ្នកនាងយក់ ថិតរដ្ឋា ព្យាយាមសម្រកទម្ងន់១៣គីឡូ ឲ្យរាងស្រលនស្អាត

អ្នកនាងយក់ ថិតរដ្ឋា ព្យាយាមសម្រកទម្ងន់១៣គីឡូ ឲ្យរាងស្រលនស្អាត

តារាកូន៣ អ្នកនាងយក់ ថិតរដ្ឋា ដែលព្យាយាមឡើងច្រៀងរាំតាំងពីនៅទាំងសរសៃខ្ចីនោះ​ នាងកំពុងបានព្យាយាមសម្រកឲ្យបាន១៣គីឡូ ខណៈដែលពេលនេះទម្ងន់របស់នាងឡើងដល់៦០គីឡូ តែទម្ងន់ដែលនាងពេញចិត្ត គឺ៤៧គីឡូ។

ប៉ុន្ដែក្រោយសម្រាលកូនរយៈពេលជាង៥ខែមកនេះ អ្នកនាងរដ្ឋា នៅតែមិនទាន់សម្រេចក្ដីស្រម៉ៃក្នុងការយករាងស្វែលតាមចិត្តចង់នោះទេ ទើបធ្វើឲ្យនាងពិបាកច្រៀងរាំនៅលើឆាក ព្រោះកាម៉ាប់ៗពេក។

ទោះជាយ៉ាងណា​ ស្វាមីរបស់រដ្ឋា គឺលោកឃុំ ប៉ុណ្ណាដែត កាន់តែស្រលាញ់និងថ្នាក់ថ្នមភរិយាលើសដើ​ម​ បើទោះជារដ្ឋា ឡើងគីឡូបន្ដិចក្ដី។

ប្ដីប្រពន្ធតារា១គូនេះ បានចាប់ដៃគ្នារយៈពេលជិត១៤ឆ្នាំមកនេះ ត្រូវបានទស្សនិកជនចាត់ទុកថាជាគូស្នេហ៍តារាគំរូ ព្រោះមិនដែលមានបញ្ហាទំនាស់ណាមួយក្នុងគ្រួសារឡើយ។ ផ្ទុយទៅវិញ រដ្ឋា-ប៉ុណ្ណាដែត តាំងពីក្លាយទៅជាប្ដីប្រពន្ធគ្នាមកជីវភាពរបស់ពួកគេកាន់តែធូរធាខ្លាំង រហូតពេលនេះមានផ្ទះជាច្រើនកន្លែង និងជិះរថយន្ដទំនើបៗ ដូចជា Lexus LX 570, Range Rover និង Alphard ជាដើម។

យក់ ថិតរដ្ឋា បានរៀបការជាមួយលោកឃុំ ប៉ុណ្ណាដែត កាលពីឆ្នាំ២០០៦ ពេលនេះទទួលបានចំណងដៃកូន៣នាក់ (ស្រី១) ហើយតារាចម្រៀងថោន រូបនេះ ប្រាប់ថា អ្នកនាងគ្មានគម្រោងយកកូនទី៤នោះទេ ព្រោះថា ការសម្រាលកូនទាំង៣កន្លងមក គឺនាងឆ្លងកាត់ការវះកាត់ទាំងអស់ ទើបធ្វើឲ្យសុខភាពរបស់នាងចុះខ្សោយ និងពេលខ្លះមានអាការៈវិលៗទៀតផង។

ប៉ុន្ដែរដ្ឋា ថា ដោយសារតែអាជីពចម្រៀងជាផ្នែកមួយដែលនាងស្រលាញ់បំផុត ហេតុនេះហើយបានជានាងនៅតែបន្ដ ហើយគ្មានគម្រោងផ្លាស់ប្ដូរផលិតកម្មទេ បើទោះជាមុននេះ មាស សុខសោភា និងខេម បានចេញពីថោន ព្រមៗគ្នាក្ដី។

មហាជនចាំបានថា អំឡុងពេលដែលយក់ ថិតរដ្ឋា ច្រៀងនៅរស្មីស្ទឹងសង្កែ ជាមួយមាស សុខសោភា គឺនាងវ៉ាដាច់សោភា តែពេលរដ្ឋា មានស្វាមីនិងកូន ធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងមានការប្រែប្រួល រហូតពេលនេះពិបាកប្រជែងជាមួយតារាស្រីខ្លាំងៗជួរមុខ។

យ៉ាងណា ផ្អែកតាមជីវភាពរបស់រដ្ឋា ទោះជានាងលែងច្រៀងសម្ដែង ក៏មិនមានវិបត្តិសេដ្ឋកិច្ចដែរ ហើយរយៈពេលចុងក្រោយនេះ នាងបានងាកទៅរកស៊ីពុះដីឡូតិ៍លក់ ជាមួយស្វាមីនាងទៀតផង៕

RELATED ARTICLES