ខេត្តបន្ទាយមានជ័យៈ កូនៗរបស់ជនភៀសសឹក ក្នុងវត្តចាន់ស៊ី ខេត្តបន្ទាយមានជ័យ ទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេស និងភាសាខ្មែរ បន្ថែមពីអង្គការ Y-Farm ដែលជាអង្គការក្រៅរដ្ឋាភិបាល ដើម្បីបង្កើននូវចំណេះដឹងដល់ពួកគេដែលបាត់បង់សាលារៀន ផ្ទះសម្បែង ដោយអំពើឈ្លានពានពីសំណាក់យោធាថៃ។

បើតាមលោក ល្វីស ហៅពូបារាំង ជាជនជាតិបរទេស ម្នាក់ ចូលរួមបង្រៀនភាសាអង់គ្លេសដល់កុមារតូចៗ ភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ បានរៀបរាប់ថា “ខ្ញុំមកកន្លែងហ្នឹង ពួកយើងចង់ជួយការអប់រំក្មេងៗនិងយុវជន ឱ្យមានចំណេះដឹង ពីព្រោះយើងឃើញអំពីសង្គ្រាមកើតឡើង មានក្មេងនិងយុវជន អត់បានរៀន”។

ជនជាតិបរទេសដែលអាចនិយាយភាសាខ្មែរ យ៉ាងច្បាស់រូបនេះ បានបន្តថា ក្រុមការងាររបស់លោក គឺមកបង្រៀនដល់កុមារតូចៗ រាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងបានបបង្រៀនទាំងភាសាអង់គ្លេស និងភាសា ខ្មែរ។

លោកល្វីស បានគូសបញ្ជាក់ថា អនាគតក្មេងៗ គឺវែងឆ្ងាយណាស់ ដូច្នេះការចូលរួមចំណែកបណ្តុះបណ្តាលដល់ពួកគេ ដែលកំពុងរស់នៅក្នុងជំរំភៀសសឹកនេះ ជាកិច្ចការងារដ៏សំខាន់ ពីព្រោះក្មេងៗនិងយុវជន បោះបង់ចោលការសិក្សា នឹងប៉ះពាល់ដល់អនាគតពួកគេយ៉ាងធ្ងន់ធ្ងរ។

សិស្សានុសិស្ស សរុបជាង ១៣០០នាក់ កំពុងបន្តស្នាក់នៅនិងសិក្សា នៅជំរំសុវត្ថិភាព ចំនួន២ ក្នុងខេត្តបន្ទាយ មានជ័យ ក្នុងនោះ មានសិស្សជាង ៦០០នាក់ ស្នាក់នៅនិងរៀន នៅជំរំវត្តច័ន្ទស៊ី ក្នុងស្រុកអូរជ្រៅ និងប្រមាណ ៧០០នាក់ នៅជំរំវត្តកណ្តោល នៅក្នុងស្រុកថ្មពួក៕

