ភ្នំពេញ ៖ តារាចម្រៀងផលិតកម្ម Galaxy Navatra ល្បីឈ្មោះទាំងពីរដួង គឺកញ្ញាតន់ ច័ន្ទសីម៉ា និងលោកខេម ពិតជាបានធ្វើឲ្យហ្វេន ហ្វេន ភ្ញាក់ផ្អើលពេញសាលផ្សារទំនើបអ៊ីអន២ ជាន់ទី៣ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តែម្ដង នៅពេលដែលស្រីស្រស់ប្រុសសង្ហា បង្ហាញខ្លួនទៅសមចម្រៀងកាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ សម្រាប់ការច្រៀងសម្ដែងក្នុងកម្មវិធីប្រគំតន្រ្ដីសប្បុរសធម៌ ដើម្បីស្វែងរកថិការជួយដល់មន្ទីពេទ្យគន្ធបុប្ផា នៅថ្ងៃទិវារនៃក្ដីស្រលាញ់ ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២១។

គ្រាន់តែបង្ហាញខ្លួនសមចម្រៀងសោះ តន់ ច័ន្ទសីម៉ា និងខេម មានអ្នកគាំទ្រជាច្រើនចោមរោមទៅហើយ ហេតុនេះហើយថ្ងៃច្រៀងសម្ដែង ពិតគេជឿថា ច្បាស់ជាមានអ្នកគាំទ្រទៅចូលរួមទស្សនាច្រើនជាមិនខាន។

អ្វីដែលកាន់តែចាប់អារម្មណ៏ថែមទៀតនោះ តន់ ច័ន្ទសីម៉ា បានជិះរថយន្ដទំនើបម៉ាក MClaren ខណៈខេម វិញជិះរថយន្ដលំដាប់សេដ្ឋីម៉ាក Rolls Royce កាន់តែធ្វើឲ្យតារាល្បីទាំង២ដួង មានការចាប់អារម្មណ៏ថែមទៀត។

តន់ ច័ន្ទសីម៉ា និយាយថា នាងមានថ្ងៃនេះដោយសារតែ Galaxy Navatra ហើយនាងពិតជាមានកិត្តិយសណាស់ដែលផលិតកម្មបានតម្រូវឲ្យចាប់ដៃគូជាមួយកំពូលលតារាចម្រៀងព្រាប សុវត្ថិ និងលោកខេម។ នាងថា ពិតជាមានមោទនភាពខ្លាំងណាស់ដែលបានច្រៀងសម្ដែងជាមួយរៀមច្បងទាំង២ ហើយពេលនេះនាងក៏បានត្រៀមចេញបទថ្មីជាមួយលោកខេម សាជាថ្មីដែរ បន្ទាប់ពីល្បីបទ ”សុំViFi “។

ចំណែកលោកខេម វិញ បានឲ្យដឹងដែរថា លោកបានត្រៀមចេញបទចម្រៀងជាច្រើនបទសម្រាប់ខ្មែរ នាពេលខាងមុខនេះ មានដូចជា ចង្វាក់តាលុង, ឡាំលាវ និងរាំវង់ ជាដើម។ដោយឡែក សម្រាប់ការប្រគំតន្រ្ដីសប្បុរសធម៌ថ្ងៃទិវានៃក្ដីស្រលាញ់១៤កុម្ភៈ ឆ្នាំ២០២១ លោកបានត្រៀមច្រៀងសម្ដែងចម្រៀងចំនួន៥បទ ក្នុងនោះ ក៏មានបទឆ្លងឆ្លើយជាមួយកញ្ញាសីម៉ា ដែរ។

ទាំងកញ្ញាតន់ ច័ន្ទសីម៉ា និងលោកខេម សុទ្ធតែអះអាងថា មានមោទនភាពដែលបានចូលរួមច្រៀងសម្ដែងព្រឹត្តិការណ៏ពិសេសនៅថ្ងៃទិវានៃក្ដីស្រលាញ់១៤កុម្ភៈ ដើម្បីស្វែងរកថវិការជួយដល់មន្ទីពេទ្យគន្ធបុប្ផា ក៏ដូចជាជួយដល់កុមារកម្ពុជាយើងតែម្ដង៕

