Sunday, June 22, 2025
Homeតារាខ្មែរលោកគួច ខេវិន ដាក់ចំៗថា "ទម្រាំតែពពួកបំពុលសង្គម ងាកមកសុំទោសនោះ ឥទ្ធិពលអាក្រក់ៗដិតជាប់ខួរក្បាលក្មេងៗក្នុងសង្គមខ្មែរ រួចទៅហើយ"

លោកគួច ខេវិន ដាក់ចំៗថា “ទម្រាំតែពពួកបំពុលសង្គម ងាកមកសុំទោសនោះ ឥទ្ធិពលអាក្រក់ៗដិតជាប់ខួរក្បាលក្មេងៗក្នុងសង្គមខ្មែរ រួចទៅហើយ”

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានកោះហៅកញ្ញាតេង ស៊ីណាត និងកញ្ញា តេង ដាណា រួមនឹងអ្នកពាក់ព័ន្ធ ក្នុងការផលិតវីដេអូឃ្លីប រឿង “ទុំទាវ ២០២១” មកអប់រំណែនាំ ដោយទទួលបានលទ្ធផល៨ចំណុច នៃជំនួបរវាងក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះករណីការផលិតរឿង “ទុំទាវ២០២១” នោះ អ្នកផលិតកម្មវិធីទូរទស្សន៏ជាន់ខ្ពស់ លោកគួច ខេវិន បានបញ្ចេញទស្សនៈក្នុងន័យអប់រំថាទម្រាំតែពពួកបំពុលសង្គម ជាន់ពន្លិចប្រពៃណី បំផ្លាញវប្បធ៌ម អក្សរសិល្ប៍ ប្រមាថដល់សាសនាជាតិ ងាកមុខមកសុំទោស ឬទទួលទោសនោះ ឥទ្ធិពលអាក្រក់ៗ វាបានសាយភាយ ជះទៅឆ្ងាយហើយដិតជាប់ខួរក្បាលក្មេងៗក្នុងសង្គមខ្មែររួចទៅហើយ។

លោកគួច ខេវិន បញ្ចេញសារថា “បើកសករាជថ្មី នៃដើមឆ្នាំ២០២១ វាបានធ្វើឲ្យផ្អើលអស់អ្នកតាស្រុក លោកតាព្រៃ ព្រាយចុងចេក អាបចុងឬស្សី ដោយសារតែការលេងសម្តីអសុរស លោតកញ្ឆេងសម្តែងអាសអាភាស បញ្ចេញកេរ្តិ៏គ្មានខ្មាស មកធ្វើជាត្រីមុខ បាត់អស់សុជីវធ៌ម អត់សីលធ៌ម គ្មានគុណធ៌ម មិនចេះអៀន ខ្មាស របស់ពួកអ្នកប្រើប្រព័ន្ធព័ត៌មានសង្គម (facebook) ពីរ បីដំបរស្វា ធ្វើឲ្យពុលពេញក្នុងសង្គមខ្មែរ ។

ដើម្បីតែផលប្រយោជន៍ និងចង់ឲ្យល្បីដោយគ្មានសមរម្យ ពួកមួយក្តាប់តូចនោះ ហាក់ធ្វើជាលីលា លែងដឹង លែងឮ លែងស្គាល់ និងធ្វើមិនឃើញអ្វីទាំងអស់។ បើនិយាយពីអំនួត គឺអួតកប់ពពក តែមើលទៅឬកពារ អកប្បកិរិយា សំដីសំដៅ គឺជ្រកក្រោមអាចន៍ជន្លេន ផ្ទឹមពុំបានទៅនឹងអ្នកទិញអេតចាយផង!។

ក៏ប៉ុន្តែទិដ្ឋិភាពច្របូកច្របល់បែបនេះកើតឡើង វាពិបាកនឺងស្តីបន្ទោសពួកក្មេងៗទាំងហ្នឹង??? ព្រោះដោយសារតែពួកចាស់ៗជាម៉ែ ជាឪ ជាអ្នកមានសមត្ថកិច្ចត្រួតត្រាការងារនេះ មិនចេះ មិនធ្លាប់ មិនដែលអប់រំពួកវាពីមុនៗមកទេដឹង ។

“ស្វាទោះឆ្លាត ទោះល្ងង់ ទោះខ្លៅ វាងាយចេះនឹងធ្វើត្រាប់” ??? (Monkey see monkey do) គេរមែងសង្កេតឃើញថា ជារឿយៗទាល់តែភ្លើងឆេះព្រៃអណ្តាតភ្លើងផុតចុងឬស្សី ទើបគនាំគ្នាធ្វើជាផ្អើលបៀមទឹកទៅព្រួស!!! មានអ្នកមុខ អ្នកមាត់ មានមន្ត្រីតិចតួចដែលម្តងម្កាល ចេញមុខឲ្យយោបល់ ណែនាំអប់រំ កែលំអរពួកបំពុលសង្គមតាម facebook ទោះបីជាដឹងមុនថា បានផលល្អតិចតួចក្តី តែជាជាងមិន បានធ្វើសោះ ។

ទម្រាំតែពពួកបំពុលសង្គម ជាន់ពន្លិចប្រពៃណី បំផ្លាញវប្បធម៌ អក្សរសិល្ប៍ ប្រមាថដល់សាសនាជាតិ ងាកមុខមកសុំទោស ឬទទួលទោសនោះ ឥទ្ធិពលអាក្រក់ៗ វាបានសាយភាយ ជះទៅឆ្ងាយ ហើយដិតជាប់ខួរក្បាលក្មេងៗក្នុងសង្គមខ្មែររួចទៅហើយ ពេលណាមួយ ថ្ងៃណាមួយវានឹង ផុសចេញមកជាថ្មីម្តងទៀតមិនខាន ។

តើមន្ត្រីៗនៃក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងព័ត៌មាន វប្បធម៌វិចិត្រសិល្បៈ កិច្ចការសាសនា មហាផ្ទៃ និងស្ថាប័នតុលាការ ជាដើម ដែលស៊ីប្រាក់ខែរាស្រ្ត ហើយមានកាតព្វកិច្ចបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ គួរគប្បីធ្វើអ្វីដើម្បី លុបបំបាត់ប្រភេទល្បែងល្ងីល្ងឺក្នុងបណ្តាញព័ត៌មានសង្គមfacebook និងពពួកបំពុលសង្គមខ្មែរមួយក្តាប់តូច ឬពីរបីដំបរស្វានោះ????? ។

ប្រិយមិត្តណាដឹង ជួយប្រាប់ផងព្រោះខ្ញុំក៏មិនដឹង ដោយសារតែខ្ញុំជារាស្ត្រសាមញ្ញៗធម្មតាៗ មិនសូវយល់ រាក់ជ្រៅ!!!”៕

RELATED ARTICLES