Sunday, June 22, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ទាញកូនចេញបណ្តើរៗ?

ព្រាប សុវត្ថិ ទាញកូនចេញបណ្តើរៗ?

រយៈពេលជាង៦ខែ បន្ទាប់ពីកំពូលតារាចម្រៀងព្រាប សុវត្ថិ ដើរចេញពីហង្សមាស ទៅជ្រកនៅ Galaxy នោះ ពេលនេះកូនប្រុសទី៣ របស់លោក ឈ្មោះសុវត្ថិ សិរីវុឌ្ឍ បានស្ពាយបង្វេចដើរចេញពីទ្រនំធំនេះ តាមឪពុករបស់គេដែរហើយ។

លោកព្រាប សុវត្ថិ

ទោះជាយ៉ាងណា កូនប្រុសទី១ និងទី២ របស់ព្រាប សុវត្ថិ ដែលមានឈ្មោះថា សុវត្ថិ មុនីវណ្ណ និងសុវត្ថិ មុនីនាគ នោះ នៅតែបន្ដច្រៀងឲ្យផលិតកម្មហង្សមាស តទៅទៀត។

នៅមិនទាន់មានការបញ្ជាក់ពីមូលហេតុដែលកូនទី៣ របស់ព្រាប សុវត្ថិ អស់និស្ស័យជាមួយហង្សមាស នេះទេ ខណៈដែលព្រាប សុវត្ថិ វិញ បានរក្សាភាពស្ងប់ស្ងាត់ចំពោះរឿងនេះ ដែលហាក់ដូចជាលោកបណ្ដោយឲ្យកូនពៅរបស់លោកចេញពីផលិតកម្ម បន្ទាប់ពីកូនទាំង៣ របស់លោកច្រៀងនៅហង្សមាស ជាង២ឆ្នាំហើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គ្រាន់តែលែងជាអ្នកចម្រៀងហង្សមាស នោះ កូនព្រាប សុវត្ថិ បានចេញនិពន្ធបទភ្លេងនិងទំនុកច្រៀងឲ្យឪពុករបស់គេច្រៀង តាមរយៈបទ ”Gang Gang“ ដែលជាបទរ៉េប បែប Hip Hob ដំបូងរបស់ព្រាប សុវត្ថិ ផងដែរ។

តាមព័ត៌មានថា កូនទី៣​ របស់ព្រាប សុវត្ថិ អាចនឹងទៅចូលច្រៀងនៅផលិតកម្ម Galaxy តាមឪពុករបស់គេនាពេលឆាប់ៗខាងមុខនេះហើយ ព្រោះផលិតកម្មថ្មី តែលុយច្រើននេះ រង់ចាំស្វាគមន៍កូនទាំង៣ របស់ព្រាប សុវត្ថិ គ្រប់ពេល ឲ្យតែព្រមចូល។

ប៉ុន្ដែសុវត្ថិ សិរីវុឌ្ឍ បានអះអាងថា ក្រោយចេញពីហង្សមាស នេះ រូបគេនឹងបន្ដរធ្វើបទចម្រៀងចេញនៅលើ Page ឬ Channel ផ្ទាល់ខ្លួនវិញ។

កូនកំលោះពៅរបស់ព្រាប សុវត្ថិ រូបនេះ ត្រូវបានទស្សនិកជនមើលឃើញថា មានសំឡេងមធ្យម ហើយមុនដើរចេញពីហង្សមាស នេះ សុវត្ថិ សិរីវុឌ្ឍ មិនសូវបង្ហាញខ្លួនតាមឆាកតន្រ្ដីទៀងទាត់ ដូចបងប្រុសរបស់ពួកគេទេ។ ប៉ុន្តែសុវត្ថិ សិរីវុឌ្ឍ ហ៊ឺហាមិនចាញ់បងប្រុសរបស់គេឡើយ តាមរយៈការជិះរថយន្ដម៉ាក BMW យ៉ាងកាលីព ទើបធ្វើឲ្យក្រមុំៗមួយចំនួនចង់ធ្វើជាកូនប្រសារលោកព្រាប សុវត្ថិ ទៀតផង៕

RELATED ARTICLES