Sunday, June 22, 2025
Homeព័ត៌មានជាតិគិតថានាងមិនហ៊ានប្តឹង បានចិត្ត ម្តងហើយម្តងទៀត ចុងក្រោយជាប់ខ្នោះ

គិតថានាងមិនហ៊ានប្តឹង បានចិត្ត ម្តងហើយម្តងទៀត ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ ៖ ស្ត្រីជាកម្មកសំណង់ម្នាក់បានប្តឹងចោទប្រកាន់បុរសជាមេជាងសំណង់ម្នាក់ ថាបានធ្វើសកម្មភាពចាប់ឱបថើបលូកស្ទាបនាងជាច្រើនដង ទាំងដែលនាងមានប្តីរួចទៅហើយ លុះចេះតែបន្តធ្វើសកម្មភាពបៀតបៀននាងញយដងពេក ហាមមិនស្តាប់ ទើបធ្វើឱ្យនាងទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងឈានដល់ការចាប់ឃាត់ខ្លួនប្រុសរពឹសដៃខាងលើ នាំយកទៅចាត់ការតាមច្បាប់។

ជនសង្ស័យដែលលូកលាន់ប្រពន្ធគេខាងលើនេះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចសំណង់បុរីមួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ។

បុរសដែលរងការចោទប្រកាន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយ៉ុង អាយុ៣៨ឆ្នាំ ជាជនជាតិវៀតណាម មុខរបរជាមេជាងសំណង់ ស្នាក់នៅទីតាំងបុរីខាងលើ និងមានស្រុកកំណើតនៅប្រទេសវៀតណាម។ ចំណែកស្ត្រីរងគ្រោះមានអាយុ២៧ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងភូមិឃុំកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពត មានប្តីជាអ្នកម៉ៅការសំណង់ផ្លូវថ្នល់ និងមានកូនប្រុសស្រីចំនួន២នាក់ សព្វថ្ងៃរស់នៅជាមួយជីដូននៅឯស្រុកកំណើត។

តាមសម្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ឆ្លៀតពេលទំនេរពីការងារសំណង់ជាមួយនឹងប្តី ក៏ត្រូវបុរសជា ជាងសំណង់ខាងលើបានហៅគាត់ឱ្យជួយធ្វើការនៅការដ្ឋានសំណង់បុរីខាងលើ ដោយប្រាប់ថា គិតតម្លៃពលកម្មឱ្យគាត់លើសពីកម្មករផ្សេងទៀត ដោយគាត់បានចូលធ្វើការអស់រយៈពេល៤ថ្ងៃកន្លះហើយ។

ស្ត្រីរងគ្រោះខាងលើបានបន្តថា រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈពេលគាត់កំពុងឈូសអាចម៍កំបោរ ស្រាប់តែបុរសជាជនសង្ស័យខាងលើ លបមកពីក្រោយចាប់ឱប និងលូកលាន់គាត់ នៅពេលគាត់ខំរើបំរះរួច គាត់ក៏និយាយហាមជនសង្ស័យកុំឱ្យលេងដល់ថ្នាក់នឹងពេក ប៉ុន្តែជនសង្ស័យនៅតែធ្វើបែបនេះម្តងហើយម្តងទៀត។

រហូតដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈគាត់កំពុងគិតក្នុងចិត្តបែបនេះបណ្តើរ ធ្វើការបណ្តើរ ហើយក៏ភ្លេចខ្លួន ស្រាប់តែជនសង្ស័យលបមកធ្វើសកម្មភាពបែបនេះម្តងទៀត ជាហេតុធ្វើឱ្យគាត់ខឹងទ្រាំលែងបាន ក៏ត្រឡប់ទៅផ្ទះវិញ ហើយរ៉ាយរ៉ាប់រឿងរ៉ាវដែលបានកើតឡើងប្រាប់ទៅបុរសជាប្តីឱ្យដឹង។ រហូតដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ពួកគាត់ក៏នាំគ្នាទៅប្តឹងសមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះរួចមក សមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំតាមនីតិវិធី។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ដោយគិតក្នុងចិត្តថា ស្ត្រីរងគ្រោះមិនហ៊ានប្តឹងខ្លួននោះទេ។

បើតាមគោលជំហររបស់ស្ត្រីជាដើមបណ្តឹង ក៏បានប្តឹងទាមទារសំណងជំងឺចិត្តពីជនសង្ស័យចំនួន៣ពាន់ដុល្លារ និងប្រគល់ឱ្យសមត្ថកិច្ច អនុវត្តតាមនីតិវិធីជាបន្តទៀតផងដែរ៕

RELATED ARTICLES