Sunday, June 22, 2025
Homeព័ត៌មានជាតិដើមឈើធំៗ៤ដើម នៅតំបន់ប្រាសាទអង្គរ អាជ្ញាធរប្រកាស កាប់ចេញពីផ្លូវ

ដើមឈើធំៗ៤ដើម នៅតំបន់ប្រាសាទអង្គរ អាជ្ញាធរប្រកាស កាប់ចេញពីផ្លូវ

ដើមឈើធំៗចំនួន៤ដើម លើដងផ្លូវចាប់ពីខាងកើតប្រាសាទអង្គរវត្ត ដល់ខាងត្បូងប្រាសាទបន្ទាយក្តី ត្រូវបានអាជ្ញាធរជាតិអប្សរា ប្រកាសថា អាចបង្កហានិភ័យដល់អ្នកដំណើរ និងភ្ញៀវទេសចរ នឹងត្រូវកាប់ចេញពីលើផ្លូវនាពេលខាងមុខ។

មន្ត្រីបច្ចេកទេសនាយកដ្ឋានពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការ និងសំណូមពរពីអាជ្ញាធរមូលដ្ឋានសង្កាត់នគរធំ បានចុះពិនិត្យស្ថានភាពដើមឈើដែលដុះនៅលើដងផ្លូវ ពីខាងកើតប្រាសាទអង្គរវត្ត ដល់ខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតក្នុងភូមិក្រវ៉ាន់ និងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។

ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់ឃើញថា មានដើមឈើចំនួន២៣ដើមត្រូវមានវិធានការ ដែលក្នុងនោះ ដើមឈើចំនួន៤ដើមគួរដកហូតចេញជាបន្ទាន់ រួមមានដើមយាង១ដើម ដកព១ដើម ត្រាច១ដើម និងចំបក់១ដើម ដែលដើមឈើទាំង៤ដើមនេះមានហានិភ័យខ្ពស់ ធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៍ ហើយដុះទ្រេតខ្លាំងជាប់គន្លងផ្លូវកង់ និងនៅជាប់ចំណុចផ្លូវកោងទៀតផង។

វិធានការនេះដើម្បីបង្ការកុំឲ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតអ្នកដំណើរដែលបានឆ្លងកាត់ទីនោះ។ ចំណែកឯដើមឈើចំនួន១៩ដើមទៀតដែលមានហានិភ័យមធ្យមរួមមាន ដើមធ្លក៤ដើម យាង៧ដើម ចំបក់៦ដើម និងត្រាច២ដើម អាជ្ញាធរជាតិអប្សរា នឹងដាក់ផ្លាកសញ្ញាចំណាំងផ្លាតនៅលើដើមឈើទាំងនោះ និងបកកៅស៊ូផ្លូវកង់ដែលវាងដើមឈើចេញ ដែលវិធានការមួយនេះអាចរក្សាទុកដើមឈើទាំង១៩ដើមជាបន្តទៀត។

អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តន៍កិច្ចការខាងលើក្នុងសប្ដាហ៍នេះ រហូតដល់បញ្ចប់ការងារ៕

RELATED ARTICLES