ភ្នំពេញ ៖ នារីម្នាក់ទើបនឹងចេញពីធ្វើការពេលយប់ ក៏ហៅម៉ូតូកង់បីជិះត្រឡប់ទៅផ្ទះវិញ បែរជាស៊យត្រូវម្ចាស់ ម៉ូតូកង់បីដឹកទៅដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពដកកាំបិតចុងស្រួច ភ្ជង់ប្លន់យកកាបូបស្ពាយដែលមានលុយក្នុងនោះប្រមាណជាង២០០ដុល្លារបានសម្រេច រួចបើកម៉ូតូកង់បីគេចបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ចឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវ R6 ជិតផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសម្តីរបស់នារីរងគ្រោះ សុំមិនបញ្ចោញឈ្មោះ បានរៀបរាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ នាងទើបចេញពីធ្វើការនៅម្តុំច្បារអំពៅ ហើយបានហៅម៉ូតូកង់បីជិះគោលបំណងទៅផ្ទះម្តាយមីងនៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត។

ខណៈមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចស្ងាត់ ស្រាប់តែជនសង្ស័យជាម្ចាស់កង់បី យកលេសឈប់បត់ជើងតូច រួចហើយក៏បានធ្វើសកម្មភាពដកកាំបិតចុងស្រួចមកភ្ជង់រូបនាង គំរាមយកកាបូបស្ពាយដែលមានសម្ភារៈមួយចំនួន និងលុយចំនួន២១០ដុល្លារ ហើយដេញគាត់ឱ្យចុះ រួចបើកម៉ូតូកង់បីគេចខ្លួនដោយសុវត្តិភាព ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុ ហើយបានដឹកជនរងគ្រោះទៅកាន់ប៉ុស្តិ៍រដ្ឋបាលស្រះចក ដើម្បីឱ្យនារីរងគ្រោះដាក់ពាក្យបណ្តឹង និងកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕