តារាចម្រៀងផលិតកម្មរស្មីហង្សមាស កែវ សុបញ្ញា បានឲ្យដឹងថា នាងសូមឈប់ធ្វើជាអ្នកកំដរមង្គលការគេតទៅទៀត ហើយបន្ទាប់ពីបានដើរតួនាទីមួយនេះ ជួយមិត្តរួមក្រុមដល់ទៅ២នាក់នោះ គឺមង្គលការតារាចម្រៀងសួស វីសា និងប៉ែន ស្រីពេជ្រ ។

ទោះជាយ៉ាងណា សុបញ្ញា មិនប្រាប់ពីមូលហេតុដែលនាងឈប់ទទួលការធ្វើជាអ្នកកំដរការគេទៀតនោះទេ ខណៈដែលនៅពេលសួររឿងរៀបការផ្ទាល់ខ្លួននោះ តារាចម្រៀងវ័យ២៧ឆ្នាំរូបនេះ នៅតែអះអាងបែបលាក់លៀមថា មិនអាចកំណត់ពេលវេលាច្បាស់លាស់បានឡើយ។

អ្វីដែលកាន់តែចម្លែកទៀតនោះ សុបញ្ញា នៅតែព្យាយាមលាក់សង្សារ បើទោះជាកន្លងមក គេឃើញបុរសប្លែកមុខម្នាក់ ធ្លាប់បណ្ដើរនាងទៅកៀកកើយគ្នាមើលកុនក៏ដោយ។

កញ្ញាកែវ សុបញ្ញា លេចធ្លោគួរសមនៅទ្រនំហង្សមាស បន្ទាប់ពីនាងបានបន្ថែមអាជីពសម្ដែងភាពយន្ដពីលើចម្រៀង តាមរយៈរឿង ”រាជិនីភូមិគ្រឹះ” និងរឿង ”ម្ដាយក្មេកក្នុងឋានព្រះចន្ទ” ជាដើម។

ថៅកែស្រីហាង CS និងជាអតីតបេក្ខភាព “The Voice Cambodia” រដូវកាលទី១នេះ បានឲ្យដឹងថា ដោយសារតែកូវីដ-១៩ ទើបធ្វើឲ្យហាងរបស់នាងបានចំណូលត្រឹមទប់ទល់ រកប្រាក់ចំណេញមិនឃើញ តែនាងនៅតែបន្ដរកស៊ីមុខរបរមួយនេះដដែល។ នាងបន្ថែមថា ហាងក៏មិនសូវកាក់កប ចំណែកប្រាក់ចំណូលពីអាជីពចម្រៀងក៏ធ្លាក់ចុះ ព្រោះកាតប្រគំតន្ត្រីនៅតាមខេត្ត មិនទាន់បើកវិញ តែនាងសង្ឃឹមថា អ្វីៗនឹងបានល្អប្រសើរឡើងវិញនាពេលឆាប់ៗខាងមុខនេះ។

កែវ សុបញ្ញា ស្ថិតក្នុងចំណោមតារាចម្រៀងហង្សមាស ដែលលេងសម្រស់ មានដូចជា កញ្ញា រ៉េត ស៊ូហ្សាណា, យូរី, អ្នកនាងប៉ាច គីមមួយ និងសុខ ស្រីនាង ជាដើម។

តារាចម្រៀងពូកែលេងក្បាច់រាំរូបនេះ ធ្លាប់វាចាថា នាងបើកហាង CS នៅក្រុងតាខ្មៅ នោះ ចំណាយទុនជាង១០ម៉ឺនដុល្លារ គ្មានប្រុសស្នេហ៍ឧបត្ថម្ភឡើយ គឺនាងចូលហ៊ុនជាមួយបងប្អូនប៉ុណ្ណោះ៕
