តារាចម្រៀងសាន់ដេ ឃីន ស្រីនាថ ហៅអ៊ីវ៉ា បានឲ្យដឹងថា ការចេញច្រៀងសម្ដែងនៅតាមបណ្ដាខេត្ត-ក្រុងនានា ជាច្រើនឆ្នាំមកនេះ នាងកម្រណាស់ក្នុងការស្នាក់នៅសណ្ឋាគារ ឬផ្ទះសំណាក់ ព្រោះថា ភាគច្រើន គឺត្រូវវិលត្រឡប់មកផ្ទះរបស់នាងនៅខេត្តកំពង់ស្ពឺ វិញ ទាំងយប់អាធ្រាត្រតែម្ដង។

អ៊ីវ៉ា ថា មិនទម្លាប់គេងនៅទីណាផ្សេង ក្រៅពីផ្ទះ អីចឹងគេងខុសពីបន្ទប់ គឺមិនងាយលក់ឡើយ។

ទោះជាយ៉ាងណា អ៊ីវ៉ា ថាបើការច្រៀងសម្ដែងនៅខេត្តនោះ ត្រូវជាប់ថ្ងៃគ្នា ទើបនាងត្រូវគេងនៅខេត្តនោះតែម្ដង បើថាច្រៀងតែ១កម្មវិធីទេ នាងមកវិញទាំងយប់ហើយ។ នាងថា ផ្ទះរបស់នាងនៅខេត្តកំពង់ស្ពឺ នោះ បើជិះមិនស្ទះផ្លូវទេមកភ្នំពេញ ប្រើពេលដល់ទៅ១ម៉ោងឯណ្ណោះ តែដោយសារតែនាងទម្លាប់ចុះឡើងៗទៅហើយ អីចឹងទៅមានអារម្មណ៍ថាមិនឆ្ងាយនោះទេ។

តារាសាច់សខ្ចីរូបនេះ បានឲ្យដឹងទៀតថា ផ្ទះនាងមានទីធ្លាធំទូលាយ អីចឹងពេលទៅដល់ផ្ទះ មានអារម្មណ៍ស្រស់ថ្លាតែម្ដង ហេតុនេះហើយបានជានាងកម្រដាច់យប់ គេងនៅកន្លែងណាផ្សេង ក្រៅពីផ្ទះផ្ទាល់ខ្លួនណាស់។ក្រៅពីបង្ហាញការពេញចិត្តចំពោះផ្ទះនៃក្ដីស្រលាញ់របស់នាងនោះ។

អ៊ីវ៉ា ថែមទាំងថា នាងក៏គ្មានគម្រោងទិញផ្ទះថ្មីនៅរាជធានីភ្នំពេញ ដែរ គឺសុខចិត្តជិះពីច្រៀងតាមឆាកទូរទស្សន៍នៅទីក្រុង ទៅគេងនៅផ្ទះរបស់នាងនៅខេត្តវិញ បើទោះជាឆ្ងាយបន្ដិចក្ដី។

ដោយឡែក អ្នកដែលដឹកអ៊ីវ៉ា ច្រៀងសម្ដែងចុះឡើងៗនោះ គឺជាឪពុករបស់នាង លោកអ៊ូ វ៉ាវ ដែលពេលខ្លះគេច្រឡំថា ជាអង្គរក្សរបស់អ៊ីវ៉ា ថែមទៀតផង។
អ៊ីវ៉ា បានសម្រេចចិត្តមិនចេញពីសាន់ដេ ទៅចូលទៅហង្សមាស, ថោន និង Galaxy ឡើយ ខណៈដែលឪពុកនាងថា អ៊ីវ៉ា បានចាត់ទុកសាន់ដេ ដូចជាឪពុកម្ដាយទី២ របស់នាងទៀតផង។

លោកវ៉ាវ បានសរសើរពីគុណសម្បត្តិ របស់ថៅកែសាន់ដេ ថា មិនដែលចេះកាត់ភាគរយកូនចៅចេញច្រៀងសម្ដែងនោះទេ គឺលោកចង់តែឃើញតារារបស់លោកមានបាន។

ទាក់ទងរឿងជ្រើសរើសកូនប្រសារវិញ លោកវ៉ាវ ថា លោកបានផ្ដល់សិទ្ធិពិសេសឲ្យអ៊ីវ៉ា ក្នុងការជ្រើសប្ដីដោយខ្លួនឯងដល់ទៅ ៦០% ខណៈដែលលោកសុំតែ ៤០% ជាអ្នកសម្រេចតាមក្រោយ។ ចំណែកអ៊ីវ៉ា វិញថា នាងឆ្នាំនេះទើបតែមានអាយុ២៧ឆ្នាំទេ អីចឹងចាំដល់អាយុ៣០ឆ្នាំ ទើបគិតគូររឿងការប្ដីដូចគេ៕