ខេត្តមណ្ឌលគិរី ៖ គណៈបញ្ជាការឯកភាពស្រុកកែវសីមា ជិត៣០នាក់ ដឹកនាំដោយអភិបាលស្រុក លោកនួន សារ៉ន កាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បានប្រទះឃើញក្រុមក្បូនបណ្តែតឈើមួយចំនួនចតអែបច្រាំងនៃអូរលើដីប្រទេសវៀតណាម ចំណុចបង្គោលព្រំដែនលេខ៦១លើ២ (១) និយាមការ ០៧១៧៩៦៣-១៣៣៩៥០៨ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឱ្យដឹងពីក្បូនឈើទាំងនោះថា ក្រុមឈ្មួញបានបណ្តែតក្បូននេះ ចេញពីស្រុកអូររាំង ខេត្តមណ្ឌលគិរី នាវេលាទឹកអូរជន់ឡើង។ ឈើដែលចងជាប់ក្បូនពុំដឹងជាប្រភេទឈើអ្វីខ្លះនោះទេ ដោយគ្រាន់តែឃើញដើមវែង មានជាប់សម្បក (កាត់ចុង កាត់គល់) ពន្លិចក្នុងទឹកក្រោមក្បូន ហើយសមត្ថកិច្ចពុំអាចចុះពិនិត្យបានទេ ព្រោះទឹកជ្រៅ ថែមទាំងនៅជាប់ច្រាំងនៃអូររបស់ប្រទេសវៀតណាម ទៀតផង។

លោកនួន សារ៉ន អភិបាលស្រុកកែវសីមា ភ្លាមៗនៃការប្រទះឃើញការឈប់ចតនៃក្រុមក្បូនទាំងនោះបានព្យាយាមទំនាក់ទំនងរាយការណ៍បន្ទាន់ ដោយសុំគោលការណ៍ពីអភិបាលខេត្តមណ្ឌលគិរី រួមទាំងសុំកិច្ចសហការបង្ក្រាបពីភាគីប្រទេសវៀតណាម ផងដែរ។
លោកអភិបាលបញ្ជាក់ទៀតថា ឈើនេះគឺបណ្តែតមកពីភូមិសាស្ត្រខាងលើ និងបានចតនៅទីនោះ ព្រោះពុំអាចទៅមុខទៀតរួច។

ជាជំហានដំបូង លោកអភិបាលស្រុក បានបញ្ជាឱ្យដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយប៉ុស្តិ៍ការពារព្រំដែនបន្តយាមកាមក្បូនឈើ និងស្រាវជ្រាវរកប្ញសគល់ដែលបានកាប់ប្រភេទឈើឱ្យបានល្អិតល្អន់បំផុត។
តាមប្រភពក្រៅផ្លូវការមួយ បានបង្ហើបប្រាប់ថា ឈើទាំងនោះត្រូវកាប់អូសចេញមកពីតំបន់អូរហ៊ុច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់វរកាពារព្រំដែនគោក៦២១ និងកងអនុសេនាធំលេខ២ (គ២) ចំណុះវរសេនាតូចទី២ ដោយមានមន្ត្រីយោធាម្នាក់មានតួនាទីធំដុំក្នុងកងអនុសេនាធំលេខ២ (គ២) ជាមេខ្លោង ដោយត្រូវរ៉ូវជាមួយមន្ត្រីព្រំដែនមួយចំនួនថែមទៀត។

ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីអង្គភាពវរកាពារព្រំដែនគោក៦២១ និងកងអនុសេនាធំលេខ២ (គ២) ចំណុះវរសេនាតូចទី២ បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕