រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានហៅជាងទៅធ្វើសោលួចម៉ូតូមួយគ្រឿង ដែលមានភ្ជាប់ប្រព័ន្ធ GPS លុះ៤ម៉ោងក្រោយមក ម្ចាស់ក៏តាមរកជនសង្ស័យឃើញ រួចប្តឹងសមត្ថកិច្ចឃាត់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលតាមផ្លូវលេខ៩៥ ផ្ទះលេខ៨៨ ស្ថិតក្នុងភូមិ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ប្រភពសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ លឹម លីយ៉ា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅបន្ទប់ជួល ដែលជាម្ចាស់ម៉ូតូម៉ាក ZOOMER-X ពណ៌ស ពាក់ស្លាកលេខ សៀមរាប ១V-៤១៣១។ ចំណែកជនសង្ស័យមានឈ្មោះឈន ប៊ុនថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន ឃាត់ខ្លួនពីបទលួច។
ជនរងគ្រោះខាងលើ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់ចេញពីសាលារៀនម៉ោង១១ព្រឹក ហើយបានចាក់សោម៉ូតូនៅជាន់ក្រោម រួចក៏ឡើងទៅបន្ទប់ជួលនៅជាន់ទី១ លុះដល់ម៉ោង៤និង៣០នាទីរសៀល ក៏ចុះមកក្រោម ស្រាប់តែបាត់ម៉ូតូតែម្តង ទើបទូរស័ព្ទប្រាប់បងប្អូនដើម្បីដើររក។ ជនរងគ្រោះបន្តថា ដោយសារម៉ូតូរបស់គាត់មានភ្ជាប់ប្រព័ន្ធ GPS ក៏ឆែកមើលតាម GPS ឃើញម៉ូតូគាត់ជិះវិលពេញក្នុងក្រុងតែម្តង។ រហូតដល់ម៉ោង៧និង៣០នាទីយប់ ក៏រកឃើញជនសង្ស័យជិះម៉ូតូគាត់នៅមុខណាហ្គាវើលដ៍ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គាត់ក៏ប្តឹងនគរបាលឱ្យជួយអន្តរាគមន៍ឃាត់ជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យប្រាប់ថា គេបានដើរមកដល់ច្រកឌឿងហែម ក៏ប្រទះឃើញម៉ូតូជនរងគ្រោះដែលចាក់សោទុកចោលយូរហើយ មិនឃើញមានម្ចាស់មកយកសោះ ហើយណាមួយរូបគេមិនដែលលួចម៉ូតូ និងគ្មានឧបករណ៍សម្រាប់កាច់កម៉ូតូ ក៏បានហៅជាងសោមកធ្វើកូនសោម៉ូតូ ដោយកុហកជាងថា បាត់សោម៉ូតូ។

បន្ទាប់ពីធ្វើកូនសោរួចរាល់ ក៏បានជិះចេញពីកន្លែងកើតហេតុ ក្នុងគោលបំណងដើររកកន្លែងបញ្ជាំ តែគ្មានកាតគ្រី ទើបជិះទៅណាហ្គាវើលដ៍ ដើម្បីបញ្ចាំ ប៉ុន្តែចៃដន្យ ម្ចាស់គេតាមមកទាន់ដោយសារម៉ូតូភ្ជាប់ប្រព័ន្ធ GPS។
ជនសង្ស័យខាងលើ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕