ខេត្តប៉ៃលិន ៖ ជនសង្ស័យ២នាក់បានប្រើល្បិចធ្វើជាចូលទិញភេសជ្ជៈក្នុងផ្ទះលក់អីវ៉ាន់ចាប់ហួយរបស់ស្ត្រីចំណាស់ម្នាក់ ដោយឱ្យគ្នីគ្នាម្នាក់នៅចាំខាងក្រៅ រួចធ្វើសកម្មភាពវាយជនរងគ្រោះ ហើយឆក់យកកាបូបលុយបានសម្រេច រត់ឡើងម៉ូតូបក្ខពួកជិះគេចខ្លួន។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០ នៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ មានឈ្មោះគីម សុខផល ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកសម្ភារៈដែលបាត់បង់រួមមាន ប្រាក់ចំនួន៤១៥០០០រៀល និងកាតទូរស័ព្ទចំនួន២៥សន្លឹក ស្មើនឹង១៥០០០០រៀល។

តាមប្រភពព័ត៌មានដដែល បានបន្តថា នៅមុនពេលកើតហេតុ មានបុរសជាជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ មកឈប់ពីខាងមុខ ហើយធ្វើជាចូលទិញភេសជ្ជៈស្ត្រីជាអ្នកលក់ចាប់ហួយខាងលើ ដោយជនសង្ស័យម្នាក់នៅអង្គុយចាំលើម៉ូតូ លុះពេលឱកាសល្អអ្នកចូលទៅទិញបានវាយស្ត្រីរងគ្រោះចំនួន២ដៃចំក្បាល បណ្តាលឱ្យរងរបួសស្រាល រួចក៏ឆក់កាបូបលុយរបស់ស្ត្រីរងគ្រោះ នាំគ្នាជិះម៉ូតូគេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះបានប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ ខណៈជនសង្ស័យគេចបាត់ស្រមោល។ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នគរបាលជំនាញចុះធ្វើកំណត់ហេតុ និងធ្វើការស្រាវជ្រាវតាមរកមុខសញ្ញាជនសង្ស័យ ដើម្បីយកមកចាត់ការតាមច្បាប់៕