ខេត្តបាត់ដំបង ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង រួមនឹងទ្រព្យសម្បត្តិមួយចំនួនផង ខណៈដែលម្ចាស់ផ្ទះមិននៅ ហើយត្រូវបានឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កជាអគ្គិភ័យឆាបឆេះតែម្តង។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២០ ស្ថិតនៅក្នុងក្រុមទី៤ ភូមិស៊ុង២ ឃុំស៊ុង ស្រុកសំឡូត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋ១ខ្នងដែលទទួលរងការឆាបឆេះទាំងស្រុងនោះ មានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើពីឈើដំបូលប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះយី សែន អាយុ៣១ឆ្នាំ មានប្រពន្ធឈ្មោះចន គន្ធា អាយុ៣១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ចំណែកសម្ភារដែលបានខូចខាត រួមមាន លុយចំនួន១០០ដុល្លារ គ្រែដេកចំនួន២ ម៉ាស៊ីន បោកខោអាវ១ ម៉ាស៊ីនកិនម្រេច១ ម៉ាស៊ីនបាញ់ថ្នាំ១ ម៉ាស៊ីនកាត់ស្មៅ១ និងឈើប្រភេទក្រហមចំនួន៥គីប។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃការឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើង ហើយស្របពេលដែលម្ចាស់ផ្ទះមិននៅផ្ទះផង ទើបធ្វើឱ្យកើតជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅបែបនេះ។

តាមការបញ្ជាក់ពីសមត្ថកិច្ច នៅពេលកើតហេតុភ្លាមៗ កម្លាំងជំនាញបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងទៅបាញ់ទឹកពន្លត់ភ្លាមៗដែរ ដោយប្រើប្រាស់ទឹកអស់ចំនួន១ឡាន តែដោយសារទទួលព័ត៌មានយឺតពេល ទើបមិនអាចជួយស្រោចស្រង់បានឡើយ ពោលគឺផ្ទះទាំងមូលត្រូវភ្លើងឆេះខូចខាតទាំងស្រុងទៅហើយ៕