Wednesday, November 26, 2025
Homeព័ត៌មានជាតិស៊យផ្ទួនៗ... លោកប៉ូលិសផ្កាយ១ ១ឆ្នាំ ឆេះផ្ទះវីឡា២ដង

ស៊យផ្ទួនៗ… លោកប៉ូលិសផ្កាយ១ ១ឆ្នាំ ឆេះផ្ទះវីឡា២ដង

ភ្នំពេញ ៖ ផ្ទះវីឡាមួយកន្លែងស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដែលគេដឹងថា ជាផ្ទះរបស់មន្ត្រីនគរបាលពាក់ផ្កាយ១ម្នាក់ និងធ្លាប់កើតមានអគ្គិភ័យម្តងរួចមកហើយ ស្រាប់តែត្រូវភ្លើងឆេះសាជាថ្មីទៀត កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ខណៈដែលម្ចាស់មិននៅ ជាប់រវល់ចេញទៅធ្វើការងារបាត់។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះរ៉យ ធឿន ភេទប្រុស ជាមន្ត្រីនគរបាលផ្កាយ១ បម្រើការងារនៅក្រសួងមហាផ្ទៃ ហើយផ្ទះខាងលើ មានទំហំ១០ម៉ែត្រ គុណនឹង១៥ម៉ែត្រ សង់ពីថ្ម ជាប្រភេទផ្ទះវីឡា។

តាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ផ្ទះរងគ្រោះខាងលើជួបគ្រោះអគ្គិភ័យចំនួន២លើក ហើយដោយសារតែឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ដោយកាលពីដើមឆ្នាំ២០២០ ផ្ទះមួយនេះធ្លាប់ជួបបញ្ហាម្តង ខូចខាតអស់ទ្រព្យសម្បត្តិមួយចំនួននៅផ្នែកខាងក្រោម ស្រាប់តែមកដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ខណៈដែលម្ចាស់រវល់ទៅធ្វើការបាត់ មានតែសាច់ញាតិនៅជួយមើល ស្រាប់តែកើតមានករណីទុស្សេខ្សែភ្លើងនៅផ្នែកជាន់ក្រោម ឆេះហុយផ្សែងខ្មួល បង្កឱ្យភ្ញាក់ផ្អើល។

ភ្លាមៗនោះ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ១គ្រឿង របស់នគរបាលអន្តរាគមន៍ក្រសួងមហាផ្ទៃ ដែលមានទីតាំងឈរជើងក្នុងភូមិនោះស្រាប់ ទៅជួយបាញ់ទឹកពន្លត់ភ្លើងឱ្យរលត់ទៅវិញភ្លាមៗទាន់ពេលវេលា ដោយគ្រាន់តែបង្កឱ្យរងការខូចខាតសម្ភារៈ គ្រឿងសង្ហារឹមនៅផ្នែកខាងក្រោមមួយចំនួនប៉ុណ្ណោះ តែមិនបង្កឱ្យអ្នកណារងរបួសឡើយ និងប្រើប្រាស់ទឹកអស់១ស៊ីទែន៕

RELATED ARTICLES