ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចចូលទៅក្នុងអគារអាផាតមិនមួយកន្លែង ដើម្បីលួចគាស់យកទូរទស្សន៍បានចំនួន១១គ្រឿង ហើយពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀនថែមទៀត។

មន្ត្រីនគរបាលខណ្ឌចំការមន បានឱ្យដឹងថា ជនសង្ស័យខាងលើនេះត្រូវបានកម្លាំងជំនាញ សហការជាមួយលោកចៅសង្កាត់ទួលទំពូងទី១ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតសម្ភារៈមួយចំនួន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចផ្ទះសំណាក់១កន្លែង តាមផ្លូវលេខ៤៧៤ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកផន អូន អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌ បានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះក្នុងករណីគាស់អាផាតមិន នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បាត់ទូរទស្សន៍អស់ចំនួន១១គ្រឿង នៅផ្លូវ១៣៥ កែងនឹង ផ្លូវលេខ៤៦៨ ក្រុម៥ ភូមិ១ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លុះដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅម៉ោង១០ព្រឹក កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍បឹងត្របែក និងប៉ុស្តិ៍ទួលទំពូងទី១ រួមនិងលោកចៅសង្កាត់ ចុះស្រាវជ្រាវធ្វើរដ្ឋបាលនៅតំបន់ដីឡូតិ៍ទំនេរ ផ្លូវលេខ៤៧២ សង្កាត់ទួលទំពូងទី១ និងសង្កាត់បឹងត្របែក ឈានដល់ការឃាត់បានជនសង្ស័យចំនួន២នាក់ នាំមកសាកសួរ ហើយតាមឃាត់បាន៤នាក់ទៀត សរុប៦នាក់ ក្នុងនោះមាន ៖
ទី១-ឈ្មោះចាន់ នី ភេទប្រុស អាយុ២០ឆ្នាំ,
ទី២-ឈ្មោះហ៊ុយ ធាវី ភេទប្រុស អាយុ២៩ឆ្នាំ,
ទី៣-ឈ្មោះស៊ន ពិសី ភេទប្រុស អាយុ៣០ឆ្នាំ,
ទី៤-ឈ្មោះគុជ ដែត ភេទប្រុស អាយុ៣០ឆ្នាំ,
ទី៥-ឈ្មោះផាត ដារិទ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ,
ទី៦-ឈ្មោះឡុង ចាន់ណារ័ត្ន ភេទប្រុស អាយុ ២៥ឆ្នាំ។
ជនសង្ស័យទាំង៦នាក់នេះ មានមុខរបរជាអ្នករើសអេតចាយ ស្នាក់នៅសង្កាត់ទួលទំពូងទី១ ហើយធ្លាប់ប្រើប្រាស់គ្រឿងញៀនជាយូរមកហើយ។ ជនសង្ស័យទាំង៦នាក់នេះ ឃាត់ខ្លួននៅក្នុងដីឡូត៍គេទុកចោលមួយកន្លែង ស្ថិតនៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

កម្លាំងនគរបាល បានបញ្ជាក់ថា ករណីខាងលើនេះ ជនសង្ស័យ៤នាក់មិនពាក់ព័ន្ធករណី គាស់ផ្ទះនោះទេ ប៉ុន្តែពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ត្រូវបានបញ្ជូលទៅមណ្ឌលឱកាសខ្ញុំ។ ចំណែក២នាក់ទៀត ជាប់ពាក់ព័ន្ធគាស់អាផាតមិន លួចសម្ភារៈ ត្រូវមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕