ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ដែលបានបង្ហោះវីដេអូតាមបណ្តាញសង្គម Tik Tok ដោយបានចោទប្រកាន់ទៅលើសមត្ថកិច្ចថា ខ្លួនធ្លាប់បានឃើញសមត្ថកិច្ចមួយចំនួនញាត់គ្រឿងញៀនចូលហោប៉ៅប្រជាជន បានចេញមុខសុំទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានប្រឌិតរឿងចោទប្រកាន់សមត្ថកិច្ច។

ស្រីស្អាតដែលចោទសមត្ថកិច្ចទាំងបំពាន រហូតចេញមុខសុំទោសជាសាធារណៈរូបនេះ មានឈ្មោះ យុន សុខលីន ប្រើគណនី Tik Tok ឈ្មោះ Ounlin 888899។
យោងតាមប្រភពពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនី Tik Tok ឈ្មោះ Ounlin 888899 ដែលបានបង្ហោះវីដេអូដែលមានខ្លឹមសារប្រមាថមើលងាយដោយគ្មានភស្តុតាងមកលើសមត្ថកិច្ច កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការសហការណ៍ជាមួយការរិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្វែងរកនិងកោះហៅបុគ្គលឈ្មោះ យុន សុខលីន ឲ្យចូលខ្លួនមកទទួលកំហុសចំពោះមុខច្បាប់ និងធ្វើការសុំទោសជាសារណៈ។

ដោយទទួលស្គាល់ព័ត៌មានវីដេអូដែលខ្លួនបានបង្ហោះនោះជាព័ត៌មានមិនពិត បុគ្គលរូបនេះបានយល់ព្រមទទួលកំហុស ហើយចូលខ្លួនមកសារភាពកំហុសតាមការកោះហៅរបស់សមត្ថកិច្ច ដោយបានធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសារធារណៈ ដើម្បីសុំទោសសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ ។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម រិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អ ហើយក៏សូមអំពាវនាវដល់សាធារណជន និងបណ្ដាញសង្គម ចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲយមានភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមានផងដែរ ៕