ភ្នំពេញ ៖ បុរសវ័យចំណាស់ជាអ្នករត់ម៉ូតូកង់បីម្នាក់ កំពុងបើកម៉ូតូដើររកម៉ូយសុខៗក៏ត្រូវក្មេងស្ទាវចំនួន៣នាក់ ហៅកង់បីជិះឲ្យជូនទៅដល់កន្លែងស្ងាត់ ក៏ប្រាប់ឲ្យឈប់ រួចនាំគ្នាស្ទុះចុះរត់គេចខ្លួនអស់ទាំងមិនទាន់ ឲ្យលុយផង ស្រាប់តែពេលជនរងគ្រោះស្ទាបរកទូរស័ព្ទជាប់ចង្កេះ ទើបដឹងថាបាត់ទូរស័ព្ទអស់២គ្រឿងទៀត ទើបព្យាយាមជិះកង់បីដើររករហូតប្រទះឃើញជនសង្ស័យម្នាក់ក៏ចាប់ក្របួច យកទៅប្រគល់ឲ្យសមត្ថកិច្ច ។

ករណីក្មេងស្ទាវវ៉ៃប្លន់ទូរស័ព្ទបុរសចំណាស់រត់កង់បីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លួវបេតុងម្ដុំបុរី៩៩៩ ជាប់ប្រឡាយទឹកស្អុយ ស្ថិតក្នុងសង្កាត់បឹកទំពុនទី១ ខណ្ឌមានជ័យ។
បុរសចំណាស់ជាជនរងគ្រោះខាងលើ មានឈ្មោះអុក សំបូរ អាយុ៥៤ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅម្ដុំសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា។ ចំណែកជនសង្ស័យទាំង៣នាក់ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។

តាមសម្ដីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូកង់បីរបស់គាត់ដើររកម៉ូយតាមផ្លូវនៅម្តុំផ្សារថ្មី ភ្លាមនោះក៏ជួបជនសង្ស័យចំនួន៣នាក់ មានវ័យក្មេងៗ ពេលនោះជនសង្ស័យក៏បានហៅកង់បីគាត់ជិះ ដោយប្រាប់ថា ពួកគេត្រូវប៉ូលីសចាប់ម៉ូតូអស់ហើយ គ្មានអីជិះទៅផ្ទះទេ ទើបជួលគាត់ឲ្យដឹកទៅម្តុំចំការដូង ក្នុងតម្លៃ១៨០០០រៀល ។
ជនរងគ្រោះបានបន្តថា ពេលនោះគាត់ក៏បានដឹកពួកគេរហូតមកដល់ផ្លូវបេតុងខាងក្រោយបុរី៩៩៩ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ជាកន្លែងស្ងាត់ ស្រាប់តែជនសង្ស័យឲ្យគាត់ឈប់កង់បី ហើយបានចុះដើរទៅបាត់ទៅ ភ្លាមនោះរូបគាត់ក៏បានលូកយកទូរស័ព្ទពីកាបូបដែលដាក់ជាប់នឹងចង្កេះ ស្រាប់តែបាត់អស់ចំនួន២គ្រឿងដោយក្នុងនោះ១គ្រឿង ម៉ាក iPhone និង១គ្រឿងទៀត ម៉ាក Oppo ភ្លាមនោះរួបគាត់ក៏បើកតាមរកក្រុមជនសង្ស័យ រហូតមកដល់មុខភ្នំពេញស្ព័តក្លឹប ទើបប្រទះឃើញជនសង្ស័យម្នាក់ក៏ឃាត់ខ្លួនបានភ្លាមៗតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យបានហើយ ជនរងគ្រោះបាននាំជនសង្ស័យរូបនោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ ដើម្បីឲ្យជួយអន្តរាគមន៍ ចាត់ការតាមច្បាប់៕