Wednesday, November 26, 2025
Homeព័ត៌មានជាតិម្តាយមកដល់កន្លែងលក់ដូរ បាត់កូនស្រីឈឹង តាមពិត ស្ត្រីម្នាក់ធ្វើរឿងនេះ

ម្តាយមកដល់កន្លែងលក់ដូរ បាត់កូនស្រីឈឹង តាមពិត ស្ត្រីម្នាក់ធ្វើរឿងនេះ

ភ្នំពេញ ៖ នៅកន្លែងលក់ដូរគ្រឿងកំប៉ុងភេសជ្ជៈមួយកន្លែង ខណៈដែលម្ចាស់ជាឪពុកម្តាយមិននៅ ទុកឱ្យកូនស្រីម្នាក់នៅចាំមើលផ្ទះ ស្រាប់តែមានស្ត្រីម្នាក់ឆ្លៀតឱកាសទៅបន្លំប្រមូលលួចយកគ្រឿងកំប៉ុង លួចលុយអស់ជាង១០ម៉ឺនរៀល រួចឌុបទាំងក្មេងស្រីកូនម្ចាស់ផ្ទះយកទៅទម្លាក់ចោលតាមផ្លូវថែមទៀត។

ហេតុការណ៍បង្កឱ្យការភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅកន្លែងលក់ដូរ តាមផ្លូវសហព័ន្ធរុស្ស៊ី ក្បែរសាលាសង្កាត់កាកាប១ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កន្លែងខាងលើត្រូវបានម្ចាស់ជាម្តាយជាប់រវល់ទៅរកកទិញអីវ៉ាន់នៅឯផ្សារ ដោយទុកឱ្យកូនស្រីម្នាក់អាយុប្រហែល១៥ឆ្នាំ នៅចាំមើលលក់ដូរ ស្រាប់តែនៅវេលាម៉ោងខាងលើ មានស្ត្រីជនសង្ស័យម្នាក់ជិះម៉ូតូធូដេ ពណ៌ក្រហម មិនចាំស្លាកលេខ ចូលទៅប្រើល្បិចរកទិញភេសជ្ជៈ ដោយប្រមូលគ្រឿងកំប៉ុងទាំងអស់បន្លំលួចលុយជាង១០ម៉ឺនរៀលថែមទៀត។

បន្ទាប់មកស្ត្រីសង្ស័យរូបនោះបានបញ្ឆោតនាំក្មេងស្រីជាកូនម្ចាស់ផ្ទះជិះម៉ូតូទៅជាមួយ ដោយប្រាប់ថា ឱ្យទៅយកលុយនៅផ្ទះរបស់គេ ផ្ទុយទៅវិញឌុបទៅដល់ក្បែរអាងទឹក ក្នុងភូមិក្បាលដំរី១ សង្កាត់ កាកាប១ មុខព្រលានយន្តហោះ បង្ខំឱ្យក្មេងស្រីចុះចេញពីម៉ូតូ ហើយជនសង្ស័យជិះគេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបន្តទៀតថា ក្រោយពីជនសង្ស័យឌុបកូនស្រីម្ចាស់ផ្ទះទៅបាត់ ពេលម្តាយក្មេងស្រីមកដល់កន្លែងលក់វិញ បាត់កូនមិនឃើញ ទើបឆោឡោប្តឹងប៉ូលិសជួយប្រកាសស្វែងរក ទើបពលរដ្ឋ និងកម្លាំងប្រជាការពារប្រទះឃើញក្មេងស្រីកំពុងឈរយំនៅក្បែរអាងទឹក ក្នុងភូមិក្បាលដំរី ក៏នាំយកទៅផ្ទះវិញ។

ជុំវិញករណីឆបោកតាមផ្ទះ អ្នកលក់ដូរខាងលើ សមត្ថកិច្ចអាជ្ញាធរអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋជាអាជីវករអ្នកលក់ដូរ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងភ្លាត់ស្នៀតចាញ់ល្បិចកលជនឆបោក នាំឱ្យខាតបង់របស់ទ្រព្យដូចករណីខាងលើ៕

RELATED ARTICLES