Wednesday, November 26, 2025
Homeព័ត៌មានជាតិពួកគេប្រើ២វិធីនេះ លួចដកលុយពីភ្នាក់ងារWing... ជនរងគ្រោះជាច្រើនរងគ្រោះ

ពួកគេប្រើ២វិធីនេះ លួចដកលុយពីភ្នាក់ងារWing… ជនរងគ្រោះជាច្រើនរងគ្រោះ

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានបើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆបោកនិងលួចប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាវីង ចំនួន៣នាក់ ដែលតែងតែធ្វើសកម្មភាពលួចដកប្រាក់របស់ជនរងគ្រោះ បានជាច្រើនលើករួចមកហើយ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែននិងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។

លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា  ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖
ទី១-ឈ្មោះប៊ុត បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មេក្លោង)។
ទី២-ឈ្មោះយន្ត ពិភព ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន (អ្នកដកលុយ)។
ទី៣-ឈ្មោះយស់ ពិទូ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២០០៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (អ្នកដកលុយ)។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆបោកនិងលួចប្រាក់តាមប្រព័ន្ធវីងប្រាកដមែន ដោយប្រើវិធីលួចយកលេខកូដសម្ងាត់ពីអតិថិជន តាមរយៈបណ្តាញសង្គម ដោយក្លែងបន្លំគណនីហ្វេសប៊ុក អ្នកលក់អនទ្បាញ ហើយបានទូរស័ព្ទទៅអតិថិជននោះ ដើម្បីបានទទួលលេខកូដសម្ងាត់វីង និងវិធីមួយទៀត គឺចូលបន្លំខ្លួនធ្វើជាអតិថិជននៅតាមភ្នាក់ងារវេរលុយ លួចថតលេខកូដសម្ងាត់អតិថិជនផ្សេងទៀតដែលកំពុងតែវេរលុយ។

ជនសង្ស័យបន្ថែំថា ក្រោយពីបានលេខកូដសម្ងាត់ និងលេខទូរស័ព្ទដែលត្រូវវេរលុយរួចហើយ ឈ្មោះប៊ុត បញ្ញា បានប្រើប្រាស់កម្មវិធី APP COOLER នៅលើទូរស័ព្ទដៃរបស់ខ្លួន ហើយឱ្យឈ្មោះយន្ត ពិភព និងឈ្មោះយស់ ពិទូ ទៅបើកប្រាក់តាមភ្នាក់ងារវេរលុយវីង។ ពេលភ្នាក់ងារវេលុយពិនិត្យលេខទូរស័ព្ទឆែកមិនឃើញលេខជនឆបោកទេ តែបែរជាឃើញលេខអ្នកទទួលពិតប្រាកដទៅវិញ។

លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល បានចាត់ទុកថា សកម្មភាពទាំងនេះរបស់ជនសង្ស័យពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ដោយពួកគេបានប្រើបច្ចេកទេសទំនើប ហើយមិនបង្ក្រាបបាននោះទេ ប្រជាពលរដ្ឋមិនតិចឡើយនឹងរងគ្រោះអស់លុយកាក់។

លោកឧត្តមសេនីយ៍ត្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ គួរមានការប្រុងប្រយ័ត្ននៅពេលទៅដាក់ប្រាក់នៅតាមកន្លែងផ្ញើប្រាក់ ខ្លាចមានជនសង្ស័យលួចបន្លំនៅក្បែរនោះ ហើយលួចថតយកលេខកូដ។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES