ខេត្តស្វាយរៀង ៖ ស្ត្រីសង្ស័យជាកម្មការិនីម្នាក់ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនពីបទលួច បន្ទាប់ពីស្ត្រីរូបនេះបានធ្វើសកម្មភាពលួចម៉ូតូអ្នករួមការងារ ហើយត្រូវម្ចាស់ម៉ូតូដាក់ពាក្យបណ្តឹង។
ហេតុការណ៍ឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ ធ្វើឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបាវិត បានឱ្យដឹងថា ស្ត្រីសង្ស័យមានឈ្មោះសែន សាវីន អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅភូមិអង្គតាមោក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ល័ស ម៉ែន អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅភូមិតាដែវ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ម៉ូតូដែលបាត់ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១J-០២៧៧ ស៊េរីឆ្នាំ២០១៦។
ប្រភពបន្តថា នៅព្រឹកថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញនគរបាលក្រុងបាវិត បានទទួលពាក្យបណ្តឹង១ច្បាប់ពីម្ចាស់ម៉ូតូថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៤រសៀល ពេលខ្លួនចេញពីធ្វើការនៅរោងចក្រ ដើរមករកមើលម៉ូតូដែលបញ្ឈរទុកដូចសព្វដងមិនឃើញ ទើបឆោឡោ បង្កការភ្ញាក់ផ្អើល ហើយប្តឹងសមត្ថកិច្ចតែម្តង។

ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានទៅដល់រោងចក្រគុយហ័រ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតនៅ ក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីសហការជាមួយរោងចក្រ ពិនិត្យតាមកាមេរ៉ាសុវត្ថិភាព បានកំណត់មុខសញ្ញាម្នាក់ជាស្រីដែលបម្រើការនៅរោងចក្រនោះ រួចក៏បានឃាត់ខ្លួនមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ។
នៅចំពោះសមត្ថកិច្ចនគរបាល ស្ត្រីសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូខាងលើប្រាកដមែន បន្ទាប់ពីលួចបានហើយ ខ្លួនបានជិះយកទៅបញ្ចាំនៅផ្សារប្រសូត្រ ស្រុកស្វាយទាប ក្នុងតម្លៃ៣៥០ដុល្លារ។
ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមច្បាប់៕