ភ្នំពេញ៖ បុរសជនជាតិអ៊ុយក្រែនម្នាក់ ឈ្មោះម៉េក ស៊ីន អាយុខ្ទង់៣០ឆ្នាំ ដែលជាជនបរទេសមានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងទុរគតគ្មានទីពឹង ដើររស់នៅអានាថាតាមដងផ្លូវ ខ្វះអាហារហូបចុកត្រូវបានក្រុមស្ត្រីមួយក្រុមមានចិត្តសប្បុរសធម៌ ចំណាយលុយផ្ទាល់ខ្លួនព្យាបាលជំងឺ ផ្តល់កន្លែងស្នាក់នៅ អាហារហូបចុក មើលថែទាំរហូតមានសុខភាពល្អ ហើយផ្តល់ថវិកាទិញសំបុត្រយន្តហោះវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ នៅល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

លោកស្រី គង់ ណាក់នីន នាយិកាក្រុមហ៊ុន MMarcol ដែលជាសប្បុរសជនជួយទិញសំបុត្រយន្តហោះឲ្យជនជាតិបរទេសម្នាក់នោះបានត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ បានលើកឡើងថា លោកស្រីពេលដែលបានដឹងពីស្ថានភាពរបស់គាត់ លោកស្រីមានចិត្តអាណិតអាសូរចំពោះស្ថានភាពដ៏លំបាកនេះ ពេលដែលខ្លួនមួយរស់នៅប្រទេសគេ ហើយគ្មានទីពឹងទៀត ទើបអ្នកស្រីរួមទាំងមិត្តភក្កិបានជួយទំនុកបម្រុង ធ្វើយ៉ាងណាអោយជនជាតិបរទេសនោះមានសុខភាពល្អឡើងវិញ និងបានទៅជួបជុំញាតិសណ្តានរបស់គាត់នៅប្រទេសកំណើតវិញ ។

សូមបញ្ជាក់ថា បុរសជនជាតិអ៊ុយក្រែន ដែលឈ្មោះ ម៉េក ស៊ីន នេះបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នៅកំឡុងខែធ្នូ ឆ្នាំ២០១៩ ដើម្បីដំណើរកម្សាន្ត តែដោយសារខ្វះលទ្ធភាពមិនអាចត្រឡប់ទៅកាន់ប្រទេសកំណើតវិញ រូបគាត់បានចូលបម្រើរការងារក្នុងភោជនីយដ្ឋានបរទេសមួយ ដោយទទួលបានកម្រៃបន្តិចបន្តួច។

ប៉ុន្តែដោយសារតែវិបត្តិកូវីដ១៩ ធ្វើឲ្យរូបគាត់បាត់បង់ការងារធ្វើ និងកម្ពុជា គ្មានស្ថានទូតអ៊ុយក្រែន តាំងនៅផងនោះ គាត់បានធ្លាក់ខ្លួនមានជំងឺ គ្មានទីពឹងដើរដេកអនាថាតាមផ្លូវ តាមសំយ៉ាបផ្ទះគេ គ្មានអាហារហូបចុក ដោយឃើញពីការលំបាកនេះហើយ បានជាស្ត្រីចិត្តធម៌មួយក្រុមខាងលើ ជួយទំនុកបម្រុងរហូតបានទៅកាន់ប្រទេសកំណើររបស់ខ្លួនវិញហើយ កាលពីល្ងាចម្សិលមិញ៕

