ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី១ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះខាន់ សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខ៣២១ ផ្លូវវិហារចាម ក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ពីបទលួចទូរស័ព្ទដៃ នៅវេលាម៉ោង៥និង៣០នាទីព្រឹក នៅចំណុចអគារសម្រាកព្យាបាលខាងមុខបន្ទប់លេខ១០២ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង តាមផ្លូវ១១៤ ភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រួចរត់គេចខ្លួន។

ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះមានឈ្មោះណុប ឯម ភេទ ប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មានលំនៅ ផ្ទះលេខ៤៣ ភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ វត្ថុតាងដែលដកហូតបាននៅពេលឃាត់ខ្លួននោះ មានទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO A5 ពណ៌ខ្មៅ មានស៊ីមលេខ០៩៧ ២៤ ៨២ ៩៥៥ ដែលលួចបានត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះ ជាបណ្តោះអាសន្នវិញ។

ប្រភពដដែលបានឱ្យដឹងដែរថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៦ល្ងាច ជនរងគ្រោះបាននាំកូនប្រុសដែលមានជំងឺមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង បន្ទប់លេខ១០២ លុះដល់វេលាម៉ោង១០យប់ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានរៀបចំកន្លែងដេកនៅមុខបន្ទប់លេខ១០២ ដោយទុកទូរស័ព្ទដៃនៅជិតខ្លួន ហើយក៏លង់លក់បាត់ទៅ។

ប្រភពបន្តទៀតថា រហូតដល់វេលាម៉ោង៥និង៣០នាទីព្រឹក ស្រាប់តែជនសង្ស័យខាងលើបានឡើងមកជាន់ទី១ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង ឃើញជនរងគ្រោះកំពុងដេកក៏បានធ្វើសកម្មភាពលួចយកទូរស័ព្ទបានសម្រេច កាន់ជាប់នឹងដៃ រត់ចុះមកខាងក្រៅមន្ទីរពេទ្យព្រះអង្គឌួង ស្របពេលកម្លាំងល្បាតរបស់ប៉ុស្តិ៍មានការសង្ស័យ ក៏ឃាត់ឆែកឃើញទូរស័ព្ទដៃ ទើបជនសង្ស័យសារភាពប្រាប់ថា គេបានធ្វើសកម្មភាពលួចនៅចំណុចខាងលើ ហើយកម្លាំងល្បាតនាំជនសង្ស័យ រួមជាមួយវត្ថុតាងមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរតែម្តង។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ ចំណែកទូរស័ព្ទ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ៕