ខេត្តកណ្តាល ៖ បុរសជាអ្នកលក់ទឹកឃ្មុំម្នាក់លក់ទឹកឃ្មុំបណ្តើរ ភ្នែកសម្លឹងរំពៃទៅដើមឈើនៅក្បែរៗនោះបណ្តើរ ក្រែងឃើញឃ្មុំ ស្រាប់តែមិនឃើញឃ្មុំបែរជាឃើញខ្មោចចងកនៅដើមឈើ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដើមប្រេងខ្យល់ ក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល។

សពជនរងគ្រោះដែលចងកនឹងដើមឈើនោះ ឈ្មោះម៉ៅ សារ៉ាត់ ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
តាមសម្តីសាក្សី ឈ្មោះ ធី រដ្ឋា ភេទប្រុស អាយុ៤៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានឱ្យដឹងថា មុនពេលប្រទះឃើញសព ខ្លួនបានដើរមកកន្លែងលក់ទឹកឃ្មុំ ដែលជាមិត្តភក្តិ នៅវេលាម៉ោងប្រមាណ១១និង៥នាទី បានឃើញជនរងគ្រោះដើរមកពីទិសខាងកើត ពាក់អាវយឺតដៃវែង ខាងក្រៅពណ៌ក្រហម ស្ពាយសាក់កាដូពីក្រោយ ឈរកន្លែងលក់ទឹកឃ្មុំ ប្រហែលជា២០នាទី ក៏ដើរទៅទិសខាងលិចទៅ។

ប្រភពដដែលបន្តថា រហូតមួយសន្ទុះក្រោយមក ស្រាប់តែអ្នកលក់ទឹកឃ្មុំ បានស្រែកប្រាប់ខ្លួនថា ឃើញសពចងកនឹងដើមប្រេងខ្យល់។
តាមសម្តីអ្នកលក់ទឹកឃ្មុំ បានឱ្យដឹងថា មុនពេលឃើញសពចងក ខ្លួនកំពុងលក់ទឹកឃ្មុំបណ្តើរ សម្លឹងមើលទៅដើមឈើនានានៅជុំវិញក្បែរៗនោះ ក្រែងឃើញឃ្មុំ នឹងអាលឡើងបេះមកលក់ ស្រាប់តែសម្លឹងចុះឡើងក៏ប្រទះឃើញខ្មោចចងកនៅដើមប្រេងខ្យល់ ទើបខ្លួនបានស្រែកប្រាប់មិត្តភក្តិខាងលើ និងរាយការប្រាប់សមត្ថកិច្ចចុះមកពិនិត្យសព។

ក្រោយមក សមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំពើក លោកក្រុមប្រឹក្សា ឃុំ លោកគ្រូពេទ្យ មេភូមិ និងឪពុកម្តាយ បងប្អូនសព បានធ្វើការពិនិត្យសពជនរងគ្រោះឃើញថា ពុំមានស្លាកស្នាមអ្វីទេ។ យោងតាមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញ បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួន។
សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕