ព្រះសីហនុ ៖ នារីរូបស្រស់បានរងរបួសត្រង់ប្រអប់ដៃក្រុមគ្រួសារ បានអះអាងថា សត្វស្វាតាមផ្លូវក្បែរសណ្ឋាគារឯករាជ្យ (សណ្ឋាគារ៧ជាន់) ក្នុងភូមិ១ សង្កាត់លេខ៣ កន្លែងដែលពលរដ្ឋ ឬអ្នកទេសចរណ៏ឧស្សាហ៍នាំគ្នាទៅមើល ឬឱ្យចំណីសត្វស្វាតូច ធំនៅកន្លែងនោះ ខាំបណ្ដាលឲ្យនាងរងរបួស។

ប្រភពពីពលរដ្ឋក៏ដូចជាពីមន្ទីរពេទ្យឯកជនក្នុងក្រុងព្រះសីហនុ មួយចំនួន បានប្រាប់ដឹងថា ប៉ុន្មានថ្ងៃនេះ មានជនរងគ្រោះដោយសារសត្វស្វាត្រោស ខាំជាបន្តបន្ទាប់ ហើយបានមកព្យាបាល និងចាក់ថ្នាំនៅមន្ទីរពេទ្យផងដែរ ។

គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះភាគច្រើនកុមារៗ តែមិនធ្ងន់ធ្ងរអ្វីនោះទេ គ្រាន់តែគ្រួសារសំណូមពរ ការពារជម្ងឺឆ្លងដែលកើតមានដោយយថាហេតុ។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានប្រាប់ថា កន្លងមក មិនធ្លាប់មានហេតុការណ៏នេះកើតឡើងទេ អាចនិយាយបានថា សត្វស្វានៅទីនោះស្លូត លេងជាមួយមនុស្ស និងទទួលបានចំណីផ្លែឈើជារៀងរាល់ថ្ងៃ ប៉ុន្តែបច្ចុប្បន្ន ក្រោយមានពលរដ្ឋរងគ្រោះដោយស្វាធំៗ (ស្វាឈ្មោលឡើងក) កាច ហើយខាំ នាំឱ្យរងរបួសបែបនេះ មន្ត្រីអំពាវនាវដល់អ្នកទៅមើលហ្វូងស្វា បង្កើនការប្រុងប្រយ័ត្ន កុំទៅជិតសត្វស្វាពេក ជាពិសេស ពពួកស្វាបា ឬមេធំៗ ដើម្បីបង្ការគ្រោះថ្នាក់ កុំឲ្យកើតមានបន្តទៀត។

ជាមួយគ្នានេះ នៅក្នុងបណ្តាញសង្គមរបស់ពលរដ្ឋដែលមានសាច់ញាតិត្រូវស្វាខាំនៅកន្លែងនោះ ក៏បានជូនជាដំណឹង និងអំពាវនាវសូមឱ្យពលរដ្ឋដទៃទៀត ប្រុងប្រយ័ត្នផងដែរ ជាពិសេស ក្មេងៗ ដែលចូលចិត្តទៅមើល និងឲ្យចំណីសត្វនៅទីនោះ៕


