Wednesday, November 26, 2025
Homeព័ត៌មានជាតិនាងតូចតែងតែលេងបែបនេះ មិនគួរណាថ្ងៃនេះ មានរឿងចឹងសោះ

នាងតូចតែងតែលេងបែបនេះ មិនគួរណាថ្ងៃនេះ មានរឿងចឹងសោះ

ខេត្តព្រៃវែង ៖ ក្មេងស្រីម្នាក់បានយកកន្សែងរុំកតែងខ្លួនធ្វើជាព្រះនាង រួចក៏ឡើងទៅរាំច្រៀងលេងនៅលើជណ្តើរ ស្រាប់តែអកុសលរអិលជើងធ្លាក់ជណ្តើរ និងធ្វើឱ្យកន្សែងទាក់ជាប់នឹងក (ដូចចងក) បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង០៥នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។

ក្មេងស្រីរងគ្រោះដែលបាត់បង់ជីវិតខាងលើ មានឈ្មោះហ៊ិន រម្មណី អាយុ៧ឆ្នាំ មុខរបរជាសិស្សរៀនថ្នាក់ទី៥ មានឪពុកឈ្មោះហ៊ាន ហ៊ិន អាយុ៣៧ឆ្នាំ មុខរបកសិករ ម្តាយឈ្មោះឌួង ចន្ធី អាយុ២៧ឆ្នាំ មុខរបរកសិករ។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុងភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្រីរងគ្រោះខាងលើបានយកកន្សែងមករុំករបស់ខ្លួនតុបតែងធ្វើជាព្រះនាង រួចក៏ឡើងទៅឈររាំច្រៀងលេងនៅលើកាំជណ្តើរផ្ទះរបស់ខ្លួន លុះក្រោយមកខណៈដែលចាស់ៗភ្លេចខ្លួនតែមួយភ្លែត ស្រាប់តែប្រទះឃើញក្មេងស្រីរងគ្រោះត្រូវកន្សែងរឹតកបន្តោកចុះក្រោមដូចមនុស្សចងក ដែលទំនងជាក្មេងស្រីរងគ្រោះរអិលជើងធ្លាក់ជណ្តើរ ធ្វើឱ្យទាក់កន្សែងជាប់ក ជាហេតុធ្វើឱ្យក្រុមគ្រួសារនិងអ្នកជិតខាងផ្អើលឆោឡោ ស្ទុះទៅជួយក្មេងស្រីរងគ្រោះភ្លាមៗដែរ តែអកុសលក្មេងស្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារគ្រោះថ្នាក់ដោយខ្លួនឯងប្រាកដមែន។ ជាមួយនេះសមត្ថកិច្ចក៏បានអំពាវនាវដល់អាណាព្យាបាលទូទៅ សុំកុំឱ្យកូនចៅរបស់ខ្លួនលេងបែបនេះទៀត ព្រោះប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។

សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES