Wednesday, November 26, 2025
Homeព័ត៌មានជាតិគាត់កោសខ្យល់ពីយប់ ព្រឹកឡើងអ្នកជិតខាងនាំគ្នាចោមរោមមើល

គាត់កោសខ្យល់ពីយប់ ព្រឹកឡើងអ្នកជិតខាងនាំគ្នាចោមរោមមើល

ភ្នំពេញ ៖ បុរសម្នាក់បានត្អូញប្រាប់អ្នកជិតខាងរបស់ខ្លួនថា ដូចជាមិនសូវស្រួលខ្លួនសោះ រួចក៏ពឹងអ្នកជិតខាងឱ្យជួយកោសខ្យល់ឱ្យ លុះក្រោយពេលកោសខ្យល់រួចក៏បានឡើងទៅសម្រាកនៅក្នុងបន្ទប់ជាន់ទី១បាត់ទៅ ស្រាប់តែព្រឹកឡើងអត់ឃើញក្រោកទៅធ្វើការ ទើបមានការងឿងឆ្ងល់ឡើងទៅដាស់ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់រឹងស្តូកបាត់ទៅហើយ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួលជាន់ទី១ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

សពជនរងគ្រោះមានឈ្មោះពៅ ពុត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះមានអាការមិនស្រួលខ្លួនក៏បានហៅអ្នកជិតខាងឱ្យជួយកោសខ្យល់ឱ្យ រួចក៏ចូលដេកជាធម្មតាដូចសព្វដង។

លុះព្រឹកឡើងដោយមិនឃើញជនរងគ្រោះទៅធ្វើការ ទើបអ្នកជិតខាងនឹកឆ្ងល់ក៏បានឡើងទៅបង្ហើបទ្វារមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ ក៏ស្រែកហៅឱ្យអ្នកជិតខាងផ្សេងទៀតមកជួយមើល បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង រួចក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះ មកពិនិត្យនៅកន្លែងកើតហេតុ។ 

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ដើម្បីចុះមកពិនិត្យសាកសព។ បន្ទាប់ពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានធ្វើពិនិត្យយ៉ាងល្អិតល្អន់មក ទើបបញ្ជាក់ប្រាប់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

RELATED ARTICLES