ខេត្តកំពង់ចាម ៖ នារីវ័យក្មេងជាកម្មការិនីរោងចក្រចំនួន២នាក់ ទើបនឹងចេញពីធ្វើការបានជិះម៉ូតូដឹកគ្នាកាត់ភ្លៀង សំដៅទៅផ្ទះវិញ ស្រាប់តែអកុសលធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវរន្ទះបាញ់បណ្តាលឱ្យនារីដែលជាអ្នកបើកម៉ូតូរងរបួសស្រាល ចំណែកនារីជាអ្នកជិះពីក្រោយបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

ហេតុការណ៍រន្ទះបាញ់នារីរោងចក្រ២នាក់ បណ្តាលឱ្យស្លាប់ម្នាក់ រងរបួសម្នាក់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចលូខាងកើត ស្ថិតក្នុងភូមិស្រម៉រី ឃុំស្រម៉រ ស្រុកជើងព្រៃ។
នារីរងគ្រោះដែលត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់នៅនឹងកន្លែង មានឈ្មោះដន គុយអេង អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ (ជាអ្នកជិះពីក្រោយ)។ ចំណែកនារីរងគ្រោះដែលរងរបួសស្រាល មានឈ្មោះយាន សុខអ៊ាន់ អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ (ជាអ្នកបើកម៉ូតូ)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នារីរងគ្រោះទាំង២នាក់ខាងលើ គឺជាកម្មការិនីធ្វើការងារនៅរោងចក្រស្កាយណាយ ស្ថិតក្នុងភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ជាមួយគ្នា ហើយរាល់ថ្ងៃនារីរងគ្រោះទាំង២នាក់តែងជិះម៉ូតូដឹកគ្នាមកធ្វើការ និងត្រឡប់ទៅផ្ទះវិញជាមួយគ្នាជាប្រចាំ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ គេឃើញនារីរងគ្រោះទាំង២នាក់ ទើបនឹងចេញពីធ្វើការ គាប់ជួនមេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀងល្មម ប៉ុន្តែនារីរងគ្រោះទាំង២នាក់មិនបានរកកន្លែងជ្រកចាំភ្លៀងរាំងសិននោះទេ ពោលគឺនៅតែជិះម៉ូតូដឹកគ្នាសំដៅទៅផ្ទះវិញកាត់ភ្លៀង ស្រាប់តែពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរន្ទះបានបាញ់បណ្តាលឱ្យនារីរងគ្រោះជាអ្នកបើកម៉ូតូ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ អកុសលនារីរងគ្រោះដែលរួមដំណើរពីក្រោយ បែរជាបាត់បង់ជីវិតនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកជួយអន្តរាគមន៍ពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។

សាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕