ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានសង្ស័យថា អាជ្ញាធរគប់គិតបើកដៃឱ្យអ្នកមានអំណាចចាក់ដីលុបឆ្នេរទន្លេ អស់រយៈពេលជាង៧ខែមកនេះ ដោយពុំឃើញមានអន្តរាគមន៍ទប់ស្កាត់អ្វីទាំងអស់។
លោកឈួន ឈឿន តំណាងប្រជាពលរដ្ឋបានបង្ហោះរូបភាពស្តីពីសកម្មឡានដឹកដីចាក់លុបឆ្នេរទន្លេ ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ជាមួយសំណេរថា “នៅជាប់នឹងមណ្ឌលសុខភាពព្រែកថ្មី ក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានការចាក់ដីលុបឆ្នេរទន្លេ ដោយគ្មានការខ្លាចរអាពីច្បាប់ភូមិបាលនេះ ប្រហែលជាលោកអភិបាលក្រុង មិនបានមើលឃើញ ឬក៏ចៅសង្កាត់ មិនបានរាយការណ៍ (តាមបែបមន្ត្រីគ្រាប់ឪឡឹក)?”។
បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកឈួន ឈឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ថា “ហ្នឹងហើយ! ចង់និយាយថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋគាត់តែងតែយកផលដីល្បាប់ ឱ្យតែរដូវប្រាំង គឺពួកគាត់តែងតែជីកយកអាដីល្បាប់ដែលហូរពីទន្លេមកហ្នឹងមកចាក់ស្រោចស្រពលើចម្ការមៀន ចម្ការម្លិះអីពួកគាត់ ហើយដល់ពេលអ៊ីចឹងទៅ នៅពេលណាដែលគេមកចាក់ដីលុបអ៊ីចឹង មានន័យថា សន្ទុះទឹក សម្ពាធទឹកហ្នឹង វាអត់អាចហូរជ្រាបមកតាមហ្នឹងបានទេ ហើយវាអាចនឹងប៉ះពាល់អ្នកដែលនៅខាងលើៗហ្នឹង អាចនឹងបាក់ច្រាំង ឬមួយក៏បញ្ហាដល់ដំណាំគាត់ដែលនៅក្បែរៗទន្លេហ្នឹង។

អ៊ីចឹងខ្ញុំចង់សួរថា មូលហេតុអីបានគាត់មកចាក់លុបឆ្នេរទន្លេហ្នឹង ដោយគ្មានការខ្លាចរអាច្បាប់ ភូមិបាល? ធម្មតាច្បាប់ភូមិបាល គេមិនអនុញ្ញាតឱ្យចាក់លុបទន្លេអីអ៊ីចឹងទេ ហើយក្នុងសង្កាត់ហ្នឹង បានចាក់ទី១។ ទី២ ឆ្ងល់ថា ចៅសង្កាត់ ការពារសង្កាត់ប៉ុនណាណី ម៉េចបានគាត់អត់ដឹង? ហើយបើសិនជាគាត់ដឹងៗដោយវិធីយ៉ាងម៉េច? មូលហេតុអីបានគាត់មិនមានច្បាប់រដ្ឋបាលអីនៅក្នុងសង្កាត់គាត់?
ចង់សួរអ៊ីចឹងថា របៀបធ្វើការរបស់លោកលីវ វណ្ណថេង ដែលជាចៅសង្កាត់ហ្នឹង វាបែបម៉េច? ហើយ អាផលប៉ះពាល់ហ្នឹង យើងដឹងស្រាប់ហើយ ធម្មតាអ្នកចម្ការ គេត្រូវការច្រើនណាស់ អារឿងបញ្ហាឆ្នេរទន្លេហ្នឹង ដល់ពេលចាក់យកប្រយោជន៍ម្នាក់ឯង ដើម្បីបានបរិវេណប្លង់ដីធំ ប្លង់ដីវែងហ្នឹង វាប៉ះពាល់ច្រើនណាស់”។
លោកឈួន ឈឿន បន្តថា “ខ្ញុំសំណូមពរតែម៉្យាងគត់ បើសិនជារដ្ឋាភិបាល គិតគូរថា យល់ដល់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅតាមឆ្នេរទន្លេហ្នឹង ការចាក់ហ្នឹង គឺខុសធ្ងន់តែម្តង គឺយ៉ាងហោចក៏ធ្វើបាបប្រជាពលរដ្ឋហាហុកសិបគ្រួសារ។ ដូច្នេះចង់ឱ្យរដ្ឋាភិបាលមើលការខុសត្រូវអំពីបញ្ហាហ្នឹង កុំឱ្យអ្នកមាន អ្នកធំ អាងតែជំទាវ អាងតែអ្នកធំហ្នឹង ធ្វើអីស្រេចចិត្ត អត់យល់ថា ប្រយោជន៍ប្រជាពលរដ្ឋ គាត់មានតម្លៃជាងពួកគាត់ ដែលពួកគាត់មានលុយ អត់មានសេចក្តីថ្លៃថ្នូរ។

ខ្ញុំជឿថា ក្នុងហ្នឹង មានការគប់គិតរវាងចៅសង្កាត់ ធម្មតាៗនៅក្នុងតំបន់រដ្ឋបាលមួយៗក្នុងសង្កាត់ គេទទួលខុសត្រូវក្នុងសិទ្ធិដីធ្លីរបស់គេ មានក្រុមប្រឹក្សាឃុំ-សង្កាត់ តែនេះហេតុអីបានជាស្ងាត់ឈឹង សូម្បីតែមានវេទិកាសាធារណៈ ក៏អត់ដែលលើកឡើងពីផលលំបាកអស់ហ្នឹងដែរ”។
ជុំវិញបញ្ហាខាងលើនេះ “នគរធំ” បានព្យាយាមទាក់ទងសុំមតិយោបល់ការបញ្ជាក់ឆ្លើយតបពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កាលពីថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ប៉ុន្តែលោកសុំមិនបកស្រាយទេ ដោយសារលោកមិនទាន់បានជ្រាបច្បាស់ពីរឿងនេះ គឺចាំលោកទៅមើលសិន ហើយលោកបានសុំឱ្យបង្វែរសំណួរទៅសួរលោកចៅសង្កាត់ព្រែកថ្មី ដែលនៅជិតជាងលោកក្រែងដឹងរឿងច្បាស់។
ទោះយ៉ាងណា លោកលីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ថា កន្លងមក នៅសង្កាត់ព្រែកថ្មី មិនមានករណីលុបឆ្នេរទន្លេនេះទេ គឺមានតែប្រជាពលរដ្ឋសុំកាយដីទន្លេយកទៅលក់។

លោកលីវ វណ្ណថេង បានមានប្រសាសន៍ថា “បើតាមខ្ញុំដឹង ដូចជាមានតែកាយ ខាងខ្ញុំអត់មានអ្នកណាលុបទេ ប៉ុន្តែថាលុបនៅជាប់មណ្ឌលសុខភាពព្រែកថ្មីហ្នឹង ប្រហែលសុំច្បាប់ធ្វើច្រាំង ហើយប្រជាពលរដ្ឋភាគច្រើន ពួកគាត់មានតែកាយដីយកទៅលក់។
ដូច្នេះចំពោះខ្ញុំ គឺមានតែបងប្អូនមួយចំនួនគាត់សុំ ឧទាហរណ៍ថា គាត់មានច្រាំងទន្លេអ៊ីចឹង ដើម្បីគាត់ការពារ ខ្លាចបាក់ ព្រោះកន្លងមកយើងមានបូមខ្សាច់ បូមអីអ៊ីចឹង ហើយបងប្អូនមួយចំនួនសុំកាយដីដែលគាត់សុំវែងពេកទៅ សុំរាប់រយម៉ែត្រ ១រយម៉ែត្រជាងឯណោះ មានតែកាយអាចម៍ដីហ្នឹង យកមកធ្វើចាក់ដំណាំវិញ ព្រោះតំបន់យើងមានដើមមៀន ហើយម្លិះ”។
លោកចៅសង្កាត់ បន្តថា “ព័ត៌មានហ្នឹង ពិតមិនពិត ខ្ញុំអត់ទាន់ហ៊ានថាទេ ប៉ុន្តែដូចខ្ញុំបាននិយាយអ៊ីចឹង ករណីខ្លះគឺគាត់សុំរៀបច្រាំងទន្លេមែន ដោយសារគាត់ការពារដីរបស់គាត់ ហើយអ្នកខ្លះដីគាត់វែងពេក សុំកាយដីយកចាក់ដំណាំនៅលើនេះវិញ។ ប៉ុន្តែបើដូចបងមានប្រសាសន៍ថា នៅជិតមណ្ឌលសុខភាព (ករណីលុបឆ្នេរទន្លេ) ខ្ញុំនឹងនាំមន្ត្រីខ្ញុំ ចុះទៅមើលស្អែក ដោយសារបច្ចុប្បន្នខ្ញុំនៅឆ្ងាយបន្តិច”៕ កុលបុត្រ