ខេត្តតាកែវ ៖ បន្ទាប់ពីភិក្ខុឡុង ចន្ថា គង់នៅវត្តភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ដែលធ្លាយរឿងឆាតញ៉ែស្រី ហើយសន្យាសឹក តែមិនព្រមសឹកតាមសន្យា និងបានរត់គេចចេញពីវត្តបាត់អស់ជាង២ខែមកហើយ ហើយថ្មីៗនេះបានលេចមុខវិញតាមបណ្តាញសង្គម ជាមួយការទម្លាយថា មានការនឹករលឹកដល់ញោមទាំងពីរ (ឪពុកម្តាយ) ជាខ្លាំង ព្រោះដឹងដំណឹងថាពួកគាត់យំនឹកកូនប្រុស ហើយត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ដែលមិនគាំទ្របានរិះគន់ចំអកថា រត់លឿនជាងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ទៅទៀត និងខ្លះបានជេរប្រមាថដោយពាក្យអសុរោះផងនេះ ភិក្ខុឡុង ចន្ថា បានឆ្លើយតបអ្នកជេរព្រះអង្គថា បើចង់អាយុវែង កុំខឹង កុំជេរច្រើន នាំឱ្យកើតកម្តៅខ្លាំង សាច់កាន់តែឆាប់ផុយ។

ភិក្ខុឡុង ចន្ថា បានសរសេរនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ថា “បើចង់បានអាយុវែង កុំខឹងច្រើន កុំជេរគេច្រើន ត្រូវចាំថា កម្តៅ កាន់តែខ្លាំង សាច់កាន់តែផុយ”។
គួររំលឹកថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០ ភិក្ខុឡុង ចន្ថា បន្ទាប់ពីបានគេចព្រះកាយបាត់មួយរយៈនោះបានបង្ហោះរូបភាពគ្រងស្បង់ចីវរជាព្រះសង្ឃដដែលក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុក របស់ព្រះអង្គជាមួយសំណេរថា “សុខសប្បាយទេ ញាតិញោមទាំងឆ្ងាយជិត? នឹករលឹកពីចម្ងាយមកញាតិញោមគ្រប់គ្នា នឹករលឹកពុកម្តាយជាខ្លាំងបំផុត ព្រោះដឹងដំណឹងថា គាត់យំនឹកកូនប្រុសរបស់គាត់ កូនក៏នឹករលឹកពុកម្តាយខ្លាំងណាស់ដែរ បើកូនមានបុណ្យពិត សង្ឃឹមថា បានរួចផុតទុក្ខដ៏ធំ មួយនេះ បានជួបពុកម៉ែឆាប់ៗ ទេវតាមានពិត លោកនឹងជួយមនុស្សស្មោះត្រង់”។
ក្រោយពេលឃើញសំណេររបស់ភិក្ខុ ឡុង ចន្ថា ខាងលើនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាច្រើនបានចូលទៅComment ក្នុងនោះភាគច្រើនមិនគាំទ្រឱ្យភិក្ខុអង្គនេះនៅក្នុងផ្នួសបន្តទៅទៀតទេ ដោយសារតែរឿងអាស្រូវពាក់ព័ន្ធស្ត្រីភេទ និងការមិនគោរពពាក្យសន្យាថានឹងសឹក ជាដើម។ ជាពិសេស ក្រុមសមាជិក LDP បានចំអកឱ្យភិក្ខុឡុង ចន្ថា ថា រត់លឿនជាងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំងទៅទៀត បន្ទាប់ពីគណៈសង្ឃតម្រូវឱ្យចាប់ផ្សឹក។ ជាមួយនេះ ក៏មានមួយចំនួន (ច្រើន) ទៀត បានចូលទៅ Comment ដោយប្រើពាក្យអសុរោះជេរប្រមាថព្រះសង្ឃរត់គេចការចាប់ផ្សឹកនេះទៀតផង។
គណនីហ្វេសប៊ុកឈ្មោះ “ស្នាមអតិតកាល” ដែលគេស្គាល់ថាជាអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ព្រោះ Profile មានរូបទង់បក្ស LDP និងអក្សអបអរខួបបក្ស១៤ឆ្នាំ ចំណែកCover គណនីហ្វេសប៊ុកនោះមានរូបលោកខឹម វាសនា ប្រធានបក្ស LDP ផងដែរនោះ បានចូលទៅ Comment ក្នុងទំព័រហ្វេសប៊ុករបស់ភិក្ខុឡុង ចន្ថា ថា “អាឆើត រត់លឿនជាងសម រង្ស៊ី ទៀត”។

ចំណែកគណនីហ្វេសប៊ុក អ្នកគាំទ្រ LDP មួយទៀតឈ្មោះ «Sek Vanny» ដែលមាន Profile និង Cover ដូចគណនីហ្វេសប៊ុកខាងលើដែរ បានចូលទៅ Comment ដែរថា “ចិត្តកូនប្រុស ហ៊ានធ្វើហ៊ានទទួល អាឆើត”។
ក្រៅពីនេះ មានអ្នកចូលទៅ Commnet ជិត៤០០នាក់ផ្សេងទៀត មានទាំងអ្នកគាំទ្រ និងអ្នករិះគន់ ជេរប្រមាថចំពោះភិក្ខុឡុង ចន្ថា ដែលមិនព្រមសឹកតាមការសន្យា។
សូមបញ្ជាក់ថា នៅដើមខែឧសភា ភិក្ខុឡុង ចន្ថា បានបែកធ្លាយវីដេអូសំឡេងឆាតនិងទូរស័ព្ទជាមួយនារីក្មេងរូបស្រស់ម្នាក់ដែលនាងអះអាងថា មានសង្សាររួចទៅហើយ តែភិក្ខុឡុង ចន្ថា នៅតែទាក់ទងនាងសុំស្នេហ៍នាង ដោយបានមានថេរដីកាផ្លែផ្កាផ្តោះផ្តងក្នុងន័យដែលភាសាសាមញ្ញថា “ញ៉ែ” ដោយបបួលណាត់ជួបនារីនោះនៅវត្តស្អាងភ្នំ ទៀតផង។
ទោះជាយ៉ាងណា ក្រោយពេលបែកធ្លាយរឿងញ៉ែស្រីនេះ ក្នុងបទសម្ភាសន៍ជាមួយកាសែត “នគរធំ” កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ព្រះសង្ឃឡុង ចន្ថា បានបញ្ជាក់ថា ករណីបែកធ្លាយឃ្លីបវីដេអូសំឡេងឆាតនោះ គឺគេធើស៊ីលោកទេ ប៉ុន្តែព្រះអង្គសារភាពថា ពិតជាបានឆាតនិយាយជាមួយនារីនោះមែន តែក្នុងន័យរាប់អានធម្មតា ដោយមិនដឹងថា គេរៀបគម្រោងធើស៊ីលោកសោះ។ យ៉ាងណា ភិក្ខុឡុង ចន្ថា បញ្ជាក់ថា ករណីនេះទោះបីមិនដល់ថ្នាក់ត្រូវផ្សឹក តែបើគណៈសង្ឃតម្រូវឱ្យសឹក ក៏ព្រះអង្គព្រមធ្វើតាមដែរ។
ពាក់ព័ន្ធករណីនេះដែរ នៅថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២០ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានបញ្ជាឱ្យព្រះវិន័យសំវរ កែវ សាវ៉ន ព្រះមេគណខេត្តតាកែវ ចាត់វិធានការ ជាបន្ទាន់កោះហៅភិក្ខុឡុង ចន្ថា មកសាកសួរ ហើយត្រូវភិក្ខុឡុង ចន្ថា ដឹងកំហុស ក៏បានធ្វើកិច្ចសន្យានៅចំពោះព្រះភក្ត្រព្រះមេគណខេត្ត ថានឹងសឹកនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០។

ប៉ុន្តែនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ភិក្ខុឡុង ចន្ថា បែរជាប្រែព្រះទ័យមិនធ្វើតាមសន្យាថានឹងសឹកនោះទេ ដោយព្រះអង្គបានសរសេរលិខិតផ្ទាល់ព្រះហស្ត បង្ហោះតាមទំព័រហ្វេសប៊ុករបស់ព្រះអង្គ ទូលថ្វាយសម្តេច ព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក និងព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ថា ព្រះអង្គមិនទាន់អស់និស្ស័យនឹងព្រះទេ ដូច្នេះសុំនៅក្នុងផ្នួស (មិនសឹក) ហើយសូមទទួលកំហុសនិងសន្យាប្រព្រឹត្តឱ្យបានល្អតាមព្រះវិន័យឡើងវិញ ហើយបន្ទាប់ពីនោះមក ភិក្ខុឡុង ចន្ថា មិនមានវត្តមានគង់នៅវត្តភ្នំបុរី និងធ្វើតាមកិច្ចសន្យា (សឹក) នោះទេ ដោយបានគេចទៅលាក់ខ្លួនបាត់មិនដឹងទៅដល់ក្រហែងណា ខណៈប្រភពខ្លះថានៅប្រទេសថៃ។
ដោយសារតែភិក្ខ ឡុង ចន្ថា មិនគោរពកិច្ចសន្យាលាចាកសិក្ខាបទ (សឹក) ថែមទាំងបានគេចព្រះកាយចេញពីវត្តបាត់ទៀត ទើបនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានចេញព្រះបញ្ជាដល់ព្រះមេគណទាំង២៥ រាជធានី-ខេត្ត ទូទាំងប្រទេស ឱ្យមានចំណាត់ការបន្ត កុំផ្តល់អាវាសដល់បុគ្គលនេះឱ្យស្នាក់បន្តក្នុងសាសនាទៀត និងបើឃើញបុគ្គលសង្ឃឡុង ចន្ថា នេះ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាប់ផ្សឹកជាបន្ទាន់៕