Wednesday, November 26, 2025
Homeព័ត៌មានជាតិ"ពូពេវ" ដេកមមើម្តងៗបែបនេះ ផ្អើលគេឯង ខានបានដេកអស់ហើយ

“ពូពេវ” ដេកមមើម្តងៗបែបនេះ ផ្អើលគេឯង ខានបានដេកអស់ហើយ

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា ឧស្សាហ៍ដេកមមើនៅពេលយប់ជាញឹកញាប់ លុះក្រោយមកនៅពេលកំពុងដេកលង់លក់ពាក់កណ្តាលអធ្រាត្រ ក៏ក្រោកដើរចេញបើកទ្វារផ្ទះ រួចលោតចុះពីលើផ្ទះជាន់ទី៤ មកដល់ដី បណ្តាលឱ្យបាក់ឆ្អឹងជំនីរនិងបែកក្បាលរងរបួសយ៉ាងធ្ងន់ និងត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍យុវជនម្នាក់លោតពីលើផ្ទះជាន់ទី៤ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវឌឿងហែមលេខ៩៣ ស្ថិតក្នុងភូមិ៥ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា។

យុវជនរងគ្រោះខាងលើ មានឈ្មោះខៀវ បញ្ញារិទ្ធ អាយុ២៥ឆ្នាំ  មុខរបរចុងភៅនៅផ្សារអ៊ីអន១ និងមានលំនៅផ្ទះលេខ 263E4z ភូមិ៥ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា។

យោងតាមការបំភ្លឺពីបុរសឈ្មោះអ៊ុក លក្ខណា អាយុ៥៦ឆ្នាំ ត្រូវជាពូរបស់ជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមគ្រួសាររបស់គាត់ ក្នុងនោះ មានក្មួយប្រុស (ជនរងគ្រោះ) ម្នាក់ផង បាននាំគ្នាចូលដេកនៅក្នុងផ្ទះដូចសព្វដង។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលគាត់កំពុងដេកជាមួយប្រពន្ធកូននៅប៉ែកខាងមុខផ្ទះស្រាប់តែក្មួយស្រីឈ្មោះនូ រីដា បានមកដាស់គាត់ រួចប្រាប់ថា “ពូពេវ ធ្លាក់ពីលើផ្ទះហើយ”។

ប្រភពបន្តថា ពេលនោះគាត់ក៏ស្ទុះក្រោក រួចរត់ចុះមកក្រោម ហើយឃើញក្មួយប្រុសដេកលើដីត្រង់ច្រកឌឿងហែម មានប្រលាក់ឈាមពេញផ្ទៃមុខ ក៏ប្រញាប់បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យកាលម៉ែតភ្លាមៗតែម្តង ដើម្បីសង្គ្រោះជីវិត។

បុរសជាពូរបស់ជនរងគ្រោះខាងលើ បានបញ្ជាក់ថា កន្លងមកក្មួយរបស់គាត់ (ជនរងគ្រោះ) ច្រើនតែដេកមមើមមាយនៅពេលយប់ ហេតុនេះទើបគាត់សង្ស័យថា ក្មួយប្រុសរូបនេះអាចនឹងដេកមមើ រួចលោតចុះពីលើផ្ទះជាន់ទី៤ បណ្តាលឱ្យរងរបួសធ្ងន់បែបនេះ។

ជនរងគ្រោះមានរបួសកែងដៃ ឆ្អឹងជំនីរនិងក្បាល ។ បច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត៕ 

RELATED ARTICLES