ភ្នំពេញ ៖ បុរសម្នាក់ទំនងជាទើបនឹងប្រើប្រាស់ថ្នាំញៀនរួច (បែកថ្នាំ) បានធ្វើសកម្មភាពយកសាំងមកជះពេញមុខបន្ទប់ជួលរបស់ប្រជាពលរដ្ឋដែលកំពុងលង់លក់ក្នុងដំណេក រួចក៏ដុតបណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋចេញមកពន្លត់ភ្លើងភ្លាមៗ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍វ៉ៃខ្នោះជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។
ករណីបុរសរពឹសដៃចាក់សាំងដុតផ្ទះប្រជាពលរដ្ឋទាំងកណ្តាលយប់ខាងលើនេះ បានកើតមានការផ្អើលឆោឡោឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងមុខបន្ទប់ជួលលេខ A1 តាមបណ្តោយផ្លូវបេតុង ខាងលិចស្តុប២៤ម៉ោង ប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិចិន និងមានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ។
តាមសម្តីពីស្ត្រីជាម្ចាស់បន្ទប់ជួលខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ គាត់និងក្រុមគ្រួសារមានគ្នា៤ទៅ៥នាក់ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបាននាំគ្នាបិទទ្វារបន្ទប់ចូលដេកស្ងាត់អស់ដូចសព្វដង។ លុះក្រោយមក កូនរបស់គាត់ដែលទើបនឹងកើតបានភ្ញាក់ពីដេកហើយស្រែកយំ ទើបគាត់ក៏ងើបមកលួងឱ្យវាដេកទៅវិញ។

ប្រភពបបន្តថា ស្រាប់តែមកដល់វេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ គាត់ក៏បានឮដូចជាមានសំឡេងអ្វីនៅខាងមុខបន្ទប់ ធ្វើឱ្យគាត់សង្ស័យក៏ចេញទៅអើតមើលតាមប្រឡោះទ្វារ ក៏ស្រាប់តែឃើញបុរសម្នាក់កំពុងឈរតែម្នាក់ឯងនៅខាងមុខបន្ទប់ជួលរបស់គាត់ ដោយក្នុងដៃមានកាន់ដបចំណុះកន្លះលីត្រ ដោយមានទឹកនៅក្នុងដបនោះផង តែមិនដឹងថាជាទឹក ឬជាអ្វីនោះទេ ប៉ុន្តែគាត់នឹកស្មានថាជាស្រា និងមើលេទៅសភាពរបស់បុរសនោះ ទំនងជាមនុស្សស្រវឹងស្រា ឬអាចប្រើប្រាស់សារធាតុញៀនហួសកម្រិត (បែកថ្នាំ)។

ស្ត្រីជាម្ចាស់បន្ទប់ជួល បន្ថែមថា ដោយមានការសង្ស័យ ទើបគាត់នៅតាមឃ្លាំមើលសកម្មភាពរបស់ជនសង្ស័យ ស្រាប់តែបន្តិចក្រោយមកគាត់ឃើញជនសង្ស័យខាងលើបានជះទឹកពេញបរិវេណខាងមុខបន្ទប់របស់គាត់ ហើយបានដុតបណ្តាលឱ្យឆាបឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ទើបគាត់ដឹងថា ទឹកក្នុងដបនោះគឺជាសាំង។ ភ្លាមៗនោះគាត់ក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុ ចេញមកដួសទឹកជះពន្លត់ទាន់ពេលវេលា មិនបណ្តាលឱ្យរងការខូចខាតដល់សម្បត្តិនរណាម្នាក់ទ្បើយ។
ក្រោយមកគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយធ្វើការអន្តរាគមន៍ភ្លាមៗតែម្តង។ ខណៈដែលសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ជនសង្ស័យជាជនជាតិចិនខាងលើ ក៏បានព្យាយាមដើរគេចខ្លួនចេញពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានមកវិញ។

ក្រោយកើតហេតុ ជនជាតិចិនខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការទៅតាមនីតិវិធី៕