ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានចុះបង្ក្រាបបទល្មើសសំណាកសត្វព្រៃជិតផុតពូជ នៅហាងចម្លាក់មួយកន្លែង យីហោជាងចម្លាក់ “ព្រះម៉ែនាគ” មានទីតាំងស្ថិតក្នុងទឹកដីខណ្ឌបឹងកេងកង។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើងដោយយោងតាមលិខិតអនុញ្ញាតលេខ១២៥ ប.យ.ន ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ របស់លោកព្រះរាជអាជ្ញារង សេង ហៀង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយចាត់លោកកាន់ វីវៈ ជាក្រឡាបញ្ជីអមអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ។

ការចុះបង្ក្រាបបទល្មើសសំណាកសត្វព្រៃជិតផុតពូជនេះ ដោយមានការដឹកនាំផ្ទាល់ពីលោកហេង គឹមឆាយ ប្រធានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ។

ទីតាំងដែលត្រូវបានសមត្ថកិច្ចជំនាញចុះបង្ក្រាបខាងលើ មានយីហោ “ជាងចម្លាក់ព្រះម៉ែនាគ” មានទីតាំងស្ថិតនៅផ្ទះលេខ២៥០ ផ្លូវលេខ៣៧៦ ក្រុមទី១៣ ភូមិ៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង និងមានម្ចាស់ទីតាំងឈ្មោះព្រហ្ម រតនៈ ភេទប្រុស អាយុ៣២ឆ្នាំ។

វត្ថុតាងដែលបានចាប់យករួមមាន សំណាកភ្លុកដំរីចំនួន៨ដុំ ស្មើនឹង០,៥៩០គីឡូក្រាម សំណាកភ្លុកដំរីឆ្លាក់កែច្នៃចំនួន១៧ដុំ ស្មើនឹង ០,១៧៦គីឡូក្រាម ចែជ្រូកព្រៃ (ខ្នាយ) ស្រោបលោហៈ ចំនួន១២ដុំ ចែជ្រូកព្រៃ ចំនួន១៦ដុំ គល់ស្នែងប្រើសចំនួន១ដុំ។

បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបានដកហូតបណ្តោះអាសន្នរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងអញ្ជើញម្ចាស់ទីតាំងទៅសាកសួរបំភ្លឺនៅខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ៕



