Tuesday, November 25, 2025
Homeព័ត៌មានជាតិមកនៅក្នុងបន្ទប់១ខែហើយ ម្ចាស់ផ្ទះបើកទ្វារក្រាក... រត់ទៅប្តឹងប៉ូលិស

មកនៅក្នុងបន្ទប់១ខែហើយ ម្ចាស់ផ្ទះបើកទ្វារក្រាក… រត់ទៅប្តឹងប៉ូលិស

ភ្នំពេញ ៖ យុវជនម្នាក់ព្រោះតែដាច់ការងារធ្វើអត់មានលុយចាយ គ្មានលទ្ធភាពជួលបន្ទប់ស្នាក់នៅ ឃើញបន្ទប់ជួលមួយកន្លែង គ្មានអ្នកជួលស្នាក់នៅចាក់សោពីក្រៅជាប់ ក៏ធ្វើសកម្មភាពគាស់សោបន្ទប់ចូលទៅសម្ងំស្នាក់នៅអស់រយៈពេល១ខែ ទើបត្រូវបានម្ចាស់បន្ទប់ប្រទះឃើញខ្ទប់ទ្វារខ្ទាស់គន្លឹះពីក្រៅជាប់ រួចរត់ទៅប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ផ្អើលទាំងយប់។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

យុវជនដែលលួចគាស់បន្ទប់ជួលរបស់គេចូលទៅសម្ងំស្នាក់នៅខាងលើនេះ មានឈ្មោះសំអាត ចាវ អាយុ២១ឆ្នាំ មុខមិនពិតប្រាកដ មានស្រុកកំណើតភូមិកាដាស់ ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមសម្តីម្ចាស់ផ្ទះខាងលើ បានរៀបរាប់ប្រាប់ថា បន្ទប់ជួលរបស់គាត់គ្មានអ្នកជួលនោះទេ គឺទុកចោលជាច្រើនខែមកហើយ លុះមកដល់ថ្ងៃកើតហេតុ ពេលដែលគាត់នឹកឃើញមកអើតមើលបន្ទប់ជួល ទើបដឹងថា មានយុវជនម្នាក់មកចូលលួចគាស់សោ រួចចូលទៅរស់នៅអស់រយៈពេលជិតមួយខែមកហើយ ទើបភ្លាមនោះគាត់ក៏បានយកសោទៅចាក់ពីខាងក្រៅបន្ទប់ជាប់ រួចក៏រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ដើម្បីឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានដឹកនាំកម្លាំងចុះទៅអន្តរាគមន៍ឃាត់ខ្លួនយុវជនខាងលើ ទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣។

នៅចំពោះមុខសមត្ថកិច្ច យុវជនខាងលើបានឆ្លើយសារភាពថា តាមពិតរូបគេគ្មានលុយកាក់សម្រាប់ជួលបន្ទប់រស់នៅ ទើបដាច់ចិត្តលួចចូលគាស់សោរបន្ទប់ផ្ទះជួលខាងលើ ដើម្បីចូលទៅស្នាក់នៅតែម្តង។

យុវជនរូបនេះ បានបន្តថា តាមពិតពីមុនរូបគេធ្លាប់ដើរស៊ីឈ្នួលលើកអីវ៉ាន់ដាក់ចូលក្នុងទូកុងតឺន័រ និងលើកចេញពីទូកុងតឺន័រវិញ លុះក្រោយមកដោយដាច់ការងារ ធ្វើឱ្យរូបគេគ្មានលុយចាយវាយ និងអត់មានលទ្ធភាពជួលផ្ទះនៅ ទើបបែកគំនិតលួចគាស់បន្ទប់ខាងលើ តែមិនមែនគាស់ក្នុងបំណងចូលលួចរបស់ទ្រព្យមានតម្លៃអ្វីទេ គ្រាន់តែចូលទៅសម្ងំរស់នៅតែប៉ុណ្ណោះ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនខាងលើទុកសិន រង់ចាំអាណាព្យាបាលមកទទួលត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES