Tuesday, November 25, 2025
Homeព័ត៌មានជាតិកូនស្រីព្យាយាមមកឲ្យទាន់ដែរ... ប៉ុន្តែពេលមកដល់ បានត្រឹមសោកស្តាយ

កូនស្រីព្យាយាមមកឲ្យទាន់ដែរ… ប៉ុន្តែពេលមកដល់ បានត្រឹមសោកស្តាយ

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ជាសន្តិសុខរោងចក្រម្នាក់ តាំងពីក្រុមហ៊ុនផ្អាកការងាររយៈពេល៣ខែមក តែងផឹកស្រាស្រវឹងជាប្រចាំ លុះក្រោយមកក៏ត្អូញប្រាប់អ្នកជិតខាងថា មិនសូវស្រួលខ្លួនសោះ រួចក៏ចូលទៅប្រះខ្លួនដេកនៅក្នុងបន្ទប់ ស្រាប់តែក្រោយមកក៏ត្រូវបានអ្នកជិតខាងប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ៨ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះដែលដេកស្លាប់ មានឈ្មោះសឿ សុខឡុង ភេទស្រី អាយុ៥២ឆ្នាំ មុខរបរសន្តិសុខរោងចក្រ មានស្រុកកំណើតនៅភូមិសង្គម មានជ័យថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅនៅម្នាក់ឯងកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ស្ត្រីខាងលើត្រូវបានក្រុមហ៊ុនផ្អាកការងាររយៈពេល២ខែមកហើយ។ ជារៀងរាល់ថ្ងៃស្ត្រីរងគ្រោះតែងតែផឹកស្រាស្រវឹងជាប្រចាំ លុះមកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីរងគ្រោះបានត្អូញត្អែរប្រាប់អ្នកជិតខាងថា គាត់មិនសូវស្រួលខ្លួនសោះ ស្រាប់តែមកដល់វេលាកើតហេតុខាងលើ ក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងបន្ទប់បាត់ទៅហើយ។

តាមការបំភ្លឺពីឈ្មោះផេង ធីតា ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល នៅកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ត្រូវជាកូនរបស់ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ មានអ្នកជិតខាងបន្ទប់ជួលម្តាយរបស់នាង បានយកទូរស័ព្ទម្តាយរបស់គាត់ខលមកប្រាប់នាងថា “ម៉ាក់របស់ក្មួយឈឺ មកមើលម៉ាក់ផង” ហើយក៏បិទទៅ។ លុះមួយសន្ទុះក្រោយមក អ្នកជិតខាងបានខលមកម្តងទៀតប្រាប់ថា “ម៉ាក់របស់ក្មួយស្លាប់បាត់ទៅហើយ” លុះពេលនាងមកដល់ក៏ឃើញម្តាយស្លាប់ប្រាកដមែន។

តាមការពិនិត្យនិងកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង។

បច្ចុប្បន្នសព ត្រូវបាននគរបាលជំនាញប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តជម្ពូវ័ន៕

RELATED ARTICLES