Tuesday, November 25, 2025
Homeព័ត៌មានជាតិពុទ្ធបរិស័ទស្នើក្រសួងធម្មការ មើលផង “លួចស្រឡាញ់ ប៉ះចំតែសង្សារលោក”

ពុទ្ធបរិស័ទស្នើក្រសួងធម្មការ មើលផង “លួចស្រឡាញ់ ប៉ះចំតែសង្សារលោក”

ភ្នំពេញ ៖ ពុទ្ធបរិស័ទបានស្នើឱ្យក្រសួងធម្មការនិងសាសនា មើលផងនូវបទចម្រៀង “លួចស្រឡាញ់ ប៉ះចំតែសង្សារលោក” ដែលកំពុងល្បីតាមបណ្តាញសង្គមហ្វេសប៊ុក និងយូធូប ហើយទទួលការរិះគន់យ៉ាងខ្លាំងពីមហាជន ជាពិសេសពុទ្ធសាសនិក ព្រោះវីដេអូចម្រៀងមួយបទនេះទាំងអត្ថន័យខ្លឹមសារ និងរូបភាព បានប្រមាថយ៉ាងធ្ងន់ដល់ព្រះសង្ឃសាវ័កព្រះពុទ្ធសាសនា។

លោកគ្រូបង្រៀនម្នាក់ដែលជាពុទ្ធបរិស័ទម្នាក់ដែរ បានបង្ហោះរូបភាពវីដេអូចម្រៀងខាងលើ ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ជាមួយសំណេរថា “ដូចជាជ្រុលហួសហេតុពេកហើយ! សូមក្រសួងធម្មការនិងសាសនា ជួយបើកព្រះនេត្រមើលផង ទាន…! “លួចស្រឡាញ់ ប៉ះចំតែសង្សារលោក” នេះជាចំណងជើងបទចម្រៀងមួយ។

លោកផែង វណ្ណៈ

យើងមិនដឹងថាជារបស់ផលិតកម្មណាទេ តែចំណងជើងបទចម្រៀងនេះ ដូចជាលេងសើចជ្រុល និងបង្កប់នូវទស្សនៈដែលប្រមាថកាតទានយ៉ាងធ្ងន់ចំពោះព្រះសង្ឃ និងព្រះពុទ្ធសាសនា។ ក្នុងនាមជាពុទ្ធសាសនិកជន ពិតជាពិបាកទទួលយកណាស់។ ខ្វះអ្វីខ្លឹមសារដែលត្រូវតែងចម្រៀង ឬដាក់ចំណងជើងចម្រៀង??? ហេតុអីក៏លេងសើចបែបនេះ??? ជ្រុលពេកហើយ…។ ដូច្នេះទេ សូមក្រសួងធម្មការនិងសាសនា ជួយមើលផងទាន” ។

លោកផែង វណ្ណៈ ជាអ្នកកាសែត និងជាតារាហ្វេសប៊ុកល្បីឈ្មោះម្នាក់ដែលជាពុទ្ធបរិស័ទម្នាក់ទៀត បានលើកឡើងថា ក្នុងនាមជាអ្នកកាន់សាសនាព្រះពុទ្ធ លោកសំណូមពរទៅដល់ក្រសួងធម្មការនិងសាសនា សម្តេចព្រះសង្ឃនាយក និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាត់វិធានការយ៉ាងណា លុបបទចម្រៀង “លួចស្រឡាញ់ ប៉ះចំតែសង្សារលោក” នេះចេញ ហើយហៅអ្នកនិពន្ធបទនេះមកធ្វើការអប់រំ ព្រោះជាការវាយប្រហារទៅលើព្រះសង្ឃ ស្ថាប័នព្រះសង្ឃយ៉ាងធ្ងន់។

លោកផែង វណ្ណៈ បានមានប្រសាសន៍ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ថា “អ្នកនិពន្ធនេះ ខ្ញុំអត់ដឹងថាយ៉ាងម៉េចទេ តែគ្រាន់ថា បើតាមខ្ញុំមើល គាត់មិនមែនជាអ្នកកាន់សាសនាព្រះពុទ្ធទេ ពីព្រោះគាត់បានយករឿងចាស់ៗរបស់លោកដែលធ្លាប់មានបញ្ហាកន្លងមក យកមកធ្វើជារូបភាពវីដេអូ ហើយវាយប្រហារទៅលើព្រះសង្ឃ ស្ថាប័នព្រះសង្ឃ។

តាមការពិត រឿងរ៉ាវកន្លងមកដែលពាក់ព័ន្ធនឹងព្រះសង្ឃប្រព្រឹត្តល្មើសធម៌វិន័យ ត្រូវបានក្រសួងធម្មការ ក៏ដូចជាសម្តេចសង្ឃនាយកដាក់វិន័យសម្រេចចាត់ចែងអស់ហើយ លោកខ្លះក៏ផ្សឹក លោកខ្លះ ក៏អី ចប់សព្វគ្រប់អស់ហើយ អត់មានទេ ប៉ុន្តែពួកអាទមិឡអត់សាសនាអស់នេះ វានិពន្ធយករឿងចាស់ៗហ្នឹង យកមកចងក្រងជាបទចម្រៀង ដើម្បីវ៉ៃប្រហារទៅលើព្រះសង្ឃ។

អ៊ីចឹងខ្ញុំសូមសំណូមពរឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងធម្មការ ចាត់វិធានការចំពោះអ្នកនិពន្ធបទចម្រៀង “លួចស្រលាញ់ ប៉ះចំតែសង្សារលោក” ហ្នឹង គួរតែធ្វើកុំឱ្យយោគយល់ កុំឱ្យរួចខ្លួន ពីព្រោះយើងស្តាប់ចម្រៀងហ្នឹងទៅ គឺយករឿងចាស់ៗរបស់ព្រះសង្ឃដែលធ្លាប់ល្មើសវិន័យអីអ៊ីចឹង យកមកនិពន្ធដើម្បីវ៉ៃប្រហារស្ថាប័នសង្ឃ ដែលជារឿងមួយដែលយើងមិនអាចអត់ឱនឱ្យ ដែលយើងមិនអាចទទួលយកបាន ពីព្រោះប្រមាថព្រះសង្ឃ”។

លោកសេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា

លោកផែង វណ្ណះ បន្តថា “បុគ្គលធម្មតានៅក្នុងស្ថាប័នណាក៏មានមនុស្សខូចដែរ ឥឡូវឧទាហរណ៍នៅក្នុងស្ថាប័នសង្ឃ អ៊ីចឹងបុគ្គលសង្ឃណា អង្គណា គាត់ប្រព្រឹត្តល្មើសធម៌វិន័យ សម្តេចព្រះសង្ឃនាយក ក៏ដូចក្រសួងធម្មការចាត់វិធានការរួចហើយ ផ្សឹកអស់ហើយ។ ខ្ញុំមើលព័ត៌មានមិញហ្នឹង វីដេអូហ្នឹង ដែលខ្ញុំយកមកមើល ដែលគេកាត់តបញ្ចូលគ្នាហ្នឹង គឺសុទ្ធតែរឿងដែលលោកត្រូវបានផ្សឹកអស់ទៅហើយ រឿងចាស់ ហើយគាត់យករឿងចាស់ហ្នឹងយកមកកាត់ត ធ្វើជាវីដេអូ ហើយវ៉ៃប្រហារទៅលើស្ថាប័នព្រះសង្ឃ។

អ៊ីចឹងករណីនេះ ខ្ញុំក្នុងនាមជាអ្នកកាន់សាសនាព្រះពុទ្ធ ខ្ញុំសូមសំណូមពរទៅដល់ក្រសួងធម្មការ ទៅដល់សម្តេចព្រះសង្ឃនាយក និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចាត់វិធានការយ៉ាងណា គឺលុបបទចម្រៀងហ្នឹង ហើយហៅអាអ្នកនិពន្ធហ្នឹងមកធ្វើការអប់រំ។ វាអត់រឿងនិពន្ធៗដៀលលោក ប្រមាថ លោក ចុះលោកត្រឹមត្រូវមួយគរគោក ចុះយើងម៉េចក៏មិននិយាយព្រះសង្ឃ ប្រាំមួយ ប្រាំពីរ ម៉ឺនអង្គ ប្រាំមួយម៉ឺនអង្គជាងល្អ ព្រះសង្ឃបួន-ដប់អង្គខិលខូច យើងយកតែអាបួនដប់អង្គហ្នឹងយកមកជេរសង្ឃទូទាំងប្រទេសអ៊ីចឹង ម៉េចកើត! អានេះជារឿងដែលមិនអាចអត់ឱនទេ យើងត្រូវតែតស៊ូ ធ្វើយ៉ាងណាការពារស្ថាប័នព្រះសង្ឃ…”។

ជុំវិញបញ្ហាខាងលើនេះ លោកសេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ថា កិច្ចការនេះ ខាងក្រសួងបានប្រគល់ទៅឱ្យខាងគណៈសង្ឃជាអ្នកចាត់ចែង ព្រោះទាក់ទងនឹងស្ថាប័នសង្ឃ។

សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន

ប៉ុន្តែសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា រឿងនេះគណៈសង្ឃ គ្រាន់តែចេញសេចក្តីថ្លែងការណ៍ប៉ុណ្ណោះ ឯការចាត់វិធានការជាក់ស្តែង គឺស្ថិតនៅលើក្រសួងធម្មការ និងសាសនា ព្រោះរឿងនេះទាក់ទងនឹងច្បាប់រដ្ឋ។

សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន បានមានថេរដីកាថា “ពរ! លេខាធិការដ្ឋានគណៈសង្ឃនាយក និងរដ្ឋមន្ត្រីក្រសួងធម្មការ បានជំនុំគ្នារកវិធីថា ត្រូវតែធ្វើដល់ហើយខាងគណៈសង្ឃថា មានតែធ្វើតាមច្បាប់ទៅ ព្រោះប្រទេសយើងមានច្បាប់។ អ៊ីចឹងមានតែខាងគណៈសង្ឃហ្នឹង ប្រហែលជាធ្វើសេចក្តីថ្លែងការណ៍មួយ ស្នើការទៅក្រសួងធម្មការ ដើម្បីឱ្យក្រសួងធ្វើការតាមច្បាប់ទៅ ធ្វើតាមចំណាត់ការជាមួយអាជ្ញាធរមានសមត្ថកិច្ចទៅ ឬក៏មានចំណាត់ការយ៉ាងម៉េច គឺក្រសួងរឿងអស់ហ្នឹងទាល់តែ ប្រគល់ឱ្យក្រសួង។

ផ្នែកខាងគ្រហស្ថ ដូចរឿងមុនៗអ៊ីចឹង ពាក់ព័ន្ធទៅក្រសួងអប់រំអ៊ីចឹង ស្នើទៅរដ្ឋមន្ត្រីក្រសួងអប់រំទៅ អ៊ីចឹងពាក់ព័ន្ធអ៊ីចឹង ក្រសួងធម្មការ អ្នកទទូលខុសត្រូវលើសាសនាទាំងអស់ អ៊ីចឹងខាងគណៈសង្ឃ នឹងស្នើឱ្យក្រសួងមានចំណាត់ការ ហើយរឿងគេធ្វើយ៉ាងម៉េច គេមាននីតិវិធីផ្សេងទៀត ពីព្រោះពីម្សិល បានឯកភាពគ្នាថាអ៊ីចឹងហើយ ប៉ុន្តែគណៈសង្ឃនឹងចេញសេចក្តីថ្លែងការណ៍មួយ ប្រហែល ស្អែកអី ញោមឃើញហើយ សេចក្តីថ្លែងការណ៍របស់គណៈសង្ឃនាយក”។

សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន បន្តថា “ចង់និយាយថា (បទនេះ) ជាគំនិតមិនល្អមួយ ជាគំនិតទុច្ចរិតមួយ ត្រង់ថា រឿងទាំងអស់ហ្នឹង គណៈសង្ឃពិនិត្យមើលទៅ យើងដោះស្រាយហើយអស់ហើយរឿងទាំងអស់ហ្នឹង ហើយយើងយកមកត្រូល ហើយរឿងខ្លះ ដូចជាគ្មានព្រះសង្ឃខ្លះ អត់បានប្រព្រឹត្តខុសដូចរូបអស់ហ្នឹង ហើយរូបព្រះសង្ឃខ្លះមិនមែនជាព្រះសង្ឃប្រទេសយើងទេ ព្រះសង្ឃបរទេស មានប្រទេសគេកាន់ពុទ្ធសាសនាដែរ យកមកត្រូលអ៊ីចឹងដែរ។

អ៊ីចឹងនេះជាគំនិតអវិជ្ជមាន ហើយជាទង្វើមួយដែលពិនិត្យទៅក្នុងច្បាប់ខុស! ពីយប់មិញ ខាងក្រសួងអី ខាងគណៈសង្ឃអី ត្រួតពិនិត្យមើលច្បាប់ព្រហ្មទណ្ឌទៅ ឃើញមានកំហុស អ៊ីចឹងទាល់តែយើងប្រគល់ឱ្យខាងច្បាប់ ខាងអាជ្ញាធរ អ៊ីចឹងបានឱ្យក្រសួង ធ្វើកិច្ចការងារហ្នឹង ឯខាងព្រះសង្ឃ គ្រាន់តែចេញសេចក្តីថ្លែងការណ៍មិនគាំទ្រទង្វើអ៊ីចឹង ព្រោះប្រទេសយើង ប្រទេសមានច្បាប់”។

សូមបញ្ជាក់ថា ប្រតិកម្មរបស់មហាជនពុទ្ធសាសនិកជន ស្នើឱ្យក្រសួងធម្មការនិងសាសនា មានចំណាត់ការខាងលើនេះ បានធ្វើឡើងបន្ទាប់ពីនៅតាមបណ្តាញសង្គមហ្វេសប៊ុក និងយូធូប បានផ្សព្វផ្សាយនិងចែករំលែកតៗគ្នា នូវវីដេអូចម្រៀង (MV) មួយបទ ដែលមានចំណងជើងថា “លួចស្រលាញ់ ប៉ះចំតែសង្សារលោក” ច្រៀងដោយតារាចម្រៀងប្រុសម្នាក់ ដែលរូបភាពនិងអត្ថន័យខ្លឹមសារនៃបទចម្រៀងនេះ ធ្វើឱ្យប៉ះពាល់ដល់តម្លៃរបស់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ដោយប្រមាថ និងចោទព្រះសង្ឃ ពាក់ព័ន្ធនឹងស្ត្រីភេទ ពូកែញ៉ែស្រី បោកលុយតាយាយ និងហៅចោរថង់យាម ជាដើម។

បទចម្រៀងនេះ ទំនុកភ្លេងលំនាំដូចបទ “ស្រលាញ់អ្នកណា ក៏គេមានសង្សារ” របស់ផលិតរស្មីហង្សមាស ដែលជាបទដំបូងរបស់ជ័យលាភី X-Factor Cambodia រដូវកាលទី១ ចាន់ សុបញ្ញា ដែរ គ្រាន់តែទំនុកច្រៀងខុសគ្នាប៉ុណ្ណោះ។

ដើម្បីបញ្ជាក់ច្បាស់ថា បទចម្រៀង “លួចស្រលាញ់ ប៉ះចំតែសង្សារលោក” នោះ មានខ្លឹមសារយ៉ាងណា ទើបមានប្រតិកម្មខ្លាំងពីពុទ្ធសាសនិកជន ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ បែបនេះ “នគរធំ” សូមដកស្រង់ខ្លឹមសារទំនុកច្រៀងបទនេះ មកចុះផ្សាយដូចខាងក្រោម ៖

១- ជាតិនេះឆាចោលហើយ មិនអាចញ៉ែឈ្នះលោកទេ ឬមួយមកពីគេជាអ្នកមានសីល លោកខ្លះមានស្រី មិនមែនត្រឹមមួយពីរឡើយ បើញោមដឹងហើយ ខ្មាសលោកទេ?

២- ញ៉ែមិនទាន់លោកទេ ព្រោះលោកញ៉ែលឿនៗណាស់ ហើយតិចនិកក៏ច្បាស់ មានមួយកំប្លេ ទាំងបោកលុយតាយាយ ពេលខ្លះផឹកស៊ីណាស់ដែរ លោកខ្លះខំញ៉ែស្រីរាប់ភ្លេច។

៣- ឱ្យតែស្រឡាញ់អ្នកណា ដឹងមានលោកជាសង្សារហើយ កម្មម៉្លេះលោកអើយ មិនយល់ឡើយ លួចស្រឡាញ់ ប៉ះចំតែសង្សារ លោកខកបំណងទៀតហើយ ផ្តើមទៅបួសមែនទេ? ធ្វើចោរថង់យាម ស្រួលបោក ស្រួល ញ៉ែខ្លាំងណាស់…៕

RELATED ARTICLES