Thursday, January 1, 2026
Homeព័ត៌មានជាតិបានមួយដង្ហើមចង្រិត ឃើញមានមនុស្សចេញចូលដដែល... ឥឡូវផ្អើលទៀត

បានមួយដង្ហើមចង្រិត ឃើញមានមនុស្សចេញចូលដដែល… ឥឡូវផ្អើលទៀត

ខេត្តព្រះវិហារ ៖ កាលពីអំឡុងខែមេសា ឆ្នាំ២០២០ កន្លងទៅ គេនៅចាំបានថា រមណីយដ្ឋាន ប៊ុន ហឿង យ៉ាគូសា ដែលមានទីតាំងស្ថិតនៅជើងភ្នំត្បែង ភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ធ្លាប់បានធ្វើឱ្យបុរសម្នាក់ស្លាប់ដោយសារបើករថយន្តធ្លាក់ចូលក្នុងអាងទឹក។

ក្រោយកើតហេតុ និងបន្ទាប់ពីមានការរិះគន់ពីសំណាក់មហាជនរួចមក ក្រុមការងារចម្រុះថ្នាក់ខេត្តដឹកនាំដោយមន្ទីរទេសចរណ៍ បានចុះទៅបិទរមណីយដ្ឋានមួយនេះមិនឱ្យដំណើរការឡើយ បន្ទាប់ពីក្រុមការងារបច្ចេកទេសបានពិនិត្យឃើញថា ការសាងសង់អាងលេងទឹកខុសបច្ចេកទេស ពុំមានរបងឬបង្គោលការពារសុវត្ថិភាព។

បន្ទាប់ពីបិទទ្វារបានមួយរយៈខ្លី ពោលគឺមួយដង្ហើមចង្រិតប៉ុណ្ណោះ ស្រាប់តែគេឃើញរមណីយដ្ឋានមួយនេះ បានលួចបើកទទួលភ្ញៀវទេសចរឆ្ងាយជិតចេញចូលលេងកម្សាន្តក្នុងរមណីយដ្ឋានរបស់ខ្លួនជាហូរហែ រហូតដល់បង្កឱ្យមានមនុស្សស្លាប់ម្នាក់ទៀត កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតដោយសារលង់ទឹកនៅក្នុងអាងទឹករមណីយដ្ឋានខាងលើ មានឈ្មោះកែវ ខាន ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ។ ជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យ ក្រោយពីប្រជាពលរដ្ឋជួយជនរងគ្រោះដែលលង់ទឹកក្នុងអាងហែលទឹករមណីយដ្ឋានខាងលើ រួចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ តែអកុសលសង្គ្រោះមិនបាន។

តាមប្រភពព័ត៌មាន បានបញ្ជាក់ថា ក្រោយពីមានករណីមនុស្សលង់ទឹកស្លាប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈានមុខ បានកោះហៅម្ចាស់ រមណីយដ្ឋាននោះដើម្បីធ្វើការសាកសួរផងដែរ តែក្រោយមកក៏បានឱ្យត្រឡប់ទៅវិញ ដោយមិនដឹងថា តើការស្លាប់របស់ជនរងគ្រោះមានការទទួលខុសត្រូវពីសំណាក់ម្ចាស់រមណីយដ្ឋានមួយនេះដែរឬក៏អត់នោះទេ ហើយក៏មិនដឹងថា តើអាជ្ញាធរខេត្តស្រុកមានវិធានការបែបណាចំពោះ រឿងនេះដែរ។

ជុំវិញករណីខាងលើនេះ “នគរធំ“ មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីតំណាងរមណីដ្ឋាន ប៊ុន ហឿង យ៉ាគូសា បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES