ខេត្តកណ្តាល ៖ បុរសម្នាក់ធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ លុះចេញមកវិញផឹកស៊ីស្រវឹងជោកជាំ ឃើញបុរសពិការជាជំនួយការស្មៀនឃុំម្នាក់ ទើបនឹងជិះម៉ូតូចេញពីសាលាឃុំ ក៏ទាញដុំថ្មគប់បណ្តាលឱ្យបុរសរងគ្រោះរងរបួសរយះក្បាលហូរឈាមស្រោចខ្លួន រួចព្យាយាម រើសដុំថ្មគប់សន្ធាប់ទៅលើជនរងគ្រោះបន្ថែមទៀត តែមិនត្រូវ ដោយសារជនរងគ្រោះប្រឹងជិះម៉ូតូគេចទាន់ពេល ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅញាត់គុកវិញ។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិផ្សារដែកក្រោម ឃុំផ្សារដែក ស្រុកពញាឮ។
ជនរងគ្រោះមានឈ្មោះសំ សាវ៉េត ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរជំនួយការស្មៀនឃុំ មានលំនៅភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ (ពិការដៃខាងឆ្វេង)។ ចំណែកជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឿន ស៊ីន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិផ្សារដែកក្រោម ឃុំផ្សារដែក ស្រុកពញាឮ។ ជនសង្ស័យកន្លងមកធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ឆ្នាំង រយៈពេល៦ឆ្នាំ ពីបទប្លន់ប្រដាប់អាវុធ។ រីឯវត្ថុតាងចាប់យក រួមមាន បំណែកដុំថ្មចំនួន២ដុំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកធ្វើការជាជំនួយការស្មៀនជាធម្មតា នៅសាលាឃុំ ផ្សារដែក បន្ទាប់ពីធ្វើកិច្ចការងាររួច ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ចេញពីក្នុងសាលាឃុំបំណងត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ស្រាប់តែពេលជនរងគ្រោះជិះម៉ូតូចេញទៅដល់ចំណុចមុខក្លោងទ្វារចេញចូលសាលាឃុំ ក៏ត្រូវជនសង្ស័យដែលកំពុងផឹកស៊ីនៅក្បែរនោះ បានយកបំណែកដុំថ្មគប់ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូ ត្រូវចំក្បាលផ្នែកខាងឆ្វេងបណ្តាលឱ្យរងរបួសហូរឈាម។
ប្រភពដដែលបន្តថា ភ្លាមៗនោះ ជនសង្ស័យក៏បានរើសយកបំណែកដុំថ្មគប់សំដៅទៅលើជនរងគ្រោះបន្ថែមទៀត ប៉ុន្តែគប់មិនត្រូវ ដោយសារជនរងគ្រោះជិះម៉ូតូរត់គេចទាន់ពេល រួចក៏ហួសទៅកាន់មន្ទីរពេទ្យបង្អែកស្រុកពញាឮ ដើម្បីឱ្យគ្រូពេទ្យជួយព្យាបាលរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ផ្សារដែក បានអន្តរាគមន៍ដល់ចំណុចកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលកំពុងស្ថិតក្នុងសភាពស្រវឹងស្រាជោកជាំ រួចហើយក៏បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕