ខេត្តកំពង់ធំ ៖ បុរសម្នាក់បានជិះម៉ូតូចេញទៅរកច្រូតស្មៅគោ ស្របពេលមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចៗ ស្រាប់តែអកុសសក៏ត្រូវរន្ទះបាញ់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង០៥នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចស្រែប្រាំងមួយកន្លែង ស្ថិតក្នុងភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក។
បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះប៊ុន ហាក់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅចំណុចភូមិសាស្ត្រខាងលើ មេឃបានធ្លាក់ភ្លៀងរលឹមស្រិចៗ ចំណែកជនរងគ្រោះបានទាញម៉ូតូជិះចេញពីផ្ទះ បំណងទៅរកច្រូតស្មៅគោនៅតំបន់កើតហេតុខាងលើ។ លុះពេលកំពុងតែជិះម៉ូតូតាមផ្លូវសំដៅទៅវាលស្រែ ដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែត្រូវបានរន្ទះបាញ់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាល បានចុះទៅពិនិត្យសាកសពនៅទីកន្លែងកើតហេតុ រួចបញ្ជាក់ថា តាមការពិនិត្យនៅលើខ្លួនប្រាណសាកសព ពុំមានឃើញស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារគ្រោះធម្មជាតិ (រន្ទះបាញ់) ប្រាកដមែន។ មូលហេតុជនរងគ្រោះជិះម៉ូតូទៅច្រូតស្មៅគោ ពេលមេឃកំពុងតែភ្លៀងរលឹម ទើបបណ្តាលឱ្យរន្ទះបាញ់ស្លាប់ភ្លាមៗតែម្តង។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះ ជូនទៅឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕