ខេត្តបាត់ដំបង ៖ គូស្នេហ៍មួយគូបានស្រឡាញ់គ្នាក្នុងនាមជាសង្សារលួចលាក់ រហូតដល់ជិត៧ឆ្នាំ ខំតស៊ូជម្នះឧបសគ្គ រហូតបានភ្ជាប់ពាក្យក្លាយជាគូដណ្តឹង មានចាស់ទុំដឹងឮ ព្រមទាំងបានថតរូបត្រៀមរៀបការ (Pre-wedding) ដោយកំណត់ថ្ងៃមង្គលការនៅពេលខាងមុខ។

គូសង្សារលួចលាក់ដែលក្លាយជាគូដណ្តឹងនោះ ភាគីប្រុសមានឈ្មោះលឿង ហាក់ឃឿន អាយុជាង ២០ឆ្នាំ និងភាគីស្រីមានឈ្មោះ ឡេង ជីលាង អាយុជាង២០ឆ្នាំដូចគ្នា រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង។

កូនកំលោះឈ្មោះលឿង ហាក់ឃឿន បានបង្ហោះរូបថតត្រៀមរៀបការ (Pre-wedding) ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ជាមួយសំណេរថា “ត្រឹមសង្សារលួចលាក់អស់រយៈពេលជិត៧ឆ្នាំ មកក្លាយជាគូដណ្តឹង អ្នកណាថាសង្សារលួចលាក់ គ្មានបានការ? ពួកយើងបានតស៊ូជាមួយគ្នា ទម្រាំពួកយើងមានថ្ងៃនេះ វាមិនមែនជារឿងងាយនោះទេ អ្វីៗក៏ធ្លាប់ឆ្លងកាត់ដែរ សេចក្តីស្រលាញ់ សប្បាយ កើតទុក្ខ ឈ្លោះប្រកែក… គឺពួកយើងទាំងពីរជួបអស់ហើយ នៅឡើយតែជីវិតគូអនាគត ដើរផ្លូវតែមួយជាមួយគ្នានោះទេ”។

ភាគីប្រុសបានសរសេរបន្តថា “មិនថាថ្ងៃ មុខទៅជាយ៉ាងណា ដឹងត្រឹមបច្ចុប្បន្ន ពួកយើងមិនអាចខ្វះគ្នាបាន ពួកយើងទាំងពីរនឹងសាងគ្រួសារមួយដ៏មានសុភមង្គលជាមួយគ្នាអស់មួយជីវិត។ អ្នកទាំងអស់គ្នាត្រួវចាំថា ព្យាយាមតស៊ូគង់តែបានសម្រេច!

ជាចុងក្រោយ អរគុណដល់ប៉ាម៉ាក់ ពូមីង បងប្អូន មិត្តភក្តិ ដែលបានសម្រេចក្តីស្រមៃរបស់ ពួកយើងទាំងពីរ អរគុណអ្នកទាំងអស់គ្នាខ្លាំង ណាស់”។

គួរបញ្ជាក់ថា គូស្នេហ៍ខាងលើបានឱ្យដឹងថា ពួកគេបានចាប់ផ្តើមភ្ជាប់ចំណងស្នេហ៍ជាមួយគ្នាដំបូង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ តែក្នុងនាមជាសង្សារលួចលាក់ដោយមិនឱ្យមិត្តភក្តិ ឬក្រុមគ្រួសារដឹងទេ ហើយពួកគេចេះតែបន្តស្នេហ៍លួចលាក់នេះ ដើម្បីសិក្សាមើលចិត្តគ្នា រហូតយល់ចិត្ត និងទុកចិត្តគ្នាច្បាស់លាស់ហើយ ទើបជម្រាបចាស់ទុំទាំងសងខាងចូលចែចូវស្តីដណ្តឹងតាមច្បាប់ប្រពៃណី និងបានរៀបចំពិធីភ្ជាប់ពាក្យ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

មុននឹងឈានដល់ការដឹកដៃគ្នាទៅថតរូបត្រៀមរៀបការ (Pre-wedding) នៅឯទីក្រុងអង្គរ ខេត្តសៀមរាប កាលពីពេលថ្មីៗកន្លងមកនេះ តែមិនទាន់កំណត់ពេលារៀបការច្បាស់លាស់នៅឡើយទេ ដោយសារតែបញ្ហាការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ រង់ចាំតែឱកាសល្អនឹងរៀបការតាមប្រពៃណីខ្មែរ នៅពេលខាងមុខ ដើម្បីសម្រេចបំណងនៃការសាងគ្រួសារមួយជាមួយគ្នា៕
