ភ្នំពេញ ៖ ក្រោយពីបានទទួលព័ត៌មានពីការពុលស្រាថ្នាំចិនសែ នៅខេត្តបន្ទាយមានជ័យ នាពេលកន្លងមកនេះ អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានកំណត់យកវិធានការណ៍ចំនួន៣ សម្រាប់បើកយុទ្ធនាការទ្រង់ទ្រាយធំនៅទូទាំងប្រទេស។

វិធានការណ៍ទី១ បើកការស្រាវជ្រាវ និងស៊ើបអង្កេតកន្លែងកើតហេតុ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ដោយបានសាកសួរព័ត៌មាននិងយកគំរូសំណាកស្រាថ្នាំចិនសែនេះ មកវិភាគនៅរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងមន្ទីរពិសោធន៍ខ្នាតតូច របស់សាខាអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល មន្ត្រីជំនាញបានធ្វើតេស្តរកឃើញសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ជាង០,៣៥ភាគរយ ដែលជាអត្រាខ្ពស់អាចបណ្តាលឱ្យស្លាប់បាន ប្រសិនបើទទួលទានច្រើន ឬផឹកប្រមឹកជ្រុល។

វិធានការណ៍ទី២ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបើកប្រតិបត្តិការបង្ក្រាបទីតាំងផលិត និងចែកចាយស្រាថ្នាំចិនសែនេះ ដោយសហការជាមួយព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំបើកទីតាំងផលិតដើម្បីស្វែងរកវត្ថុតាង និងរឹបអូសផលិតផលស្រាថ្នាំចិនសែទាំងនោះ។

វិធានការណ៍ទី៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបញ្ជាឱ្យសាខា ក.ប.ប រាជធានី-ខេត្តទាំងអស់ ប្រមូលត្រឡប់មកវិញនូវស្រាថ្នាំចិនសែយីហោ តាំងគួយ ដែលមានការសង្ស័យមានហានិភ័យសុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់។

របាយការណ៍បណ្តោះអាសន្ន ប្រតិបត្តិការទូទាំងប្រទេស មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានរឹបអូសបានស្រាថ្នាំចិនសែយីហោ តាំង គួយ បានចំនួន១៣៩៨៩ដប ស្នើនឹង៦៩៩៤,៥០លីត្រ។

មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ផ្អាកទទួលទានស្រាថ្នាំចិនសែ តាំង គួយ នេះ ជាពិសេសសូមកុំប្រើប្រាស់ ឬទទួលទានស្រា ឬផលិតផលណាដែលពុំមានស្លាកសញ្ញាច្បាស់លាស់។

ក្នុងករណីសង្ស័យថាមានបញ្ហា សូមទំនាក់ទំនងមកកាន់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ តាមរយៈលេខទូរស័ព្ទ ០២៣ ២៣១ ៨៥៦ ឬ ០៩២ ៨៣០ ៨៥៦៕