ខេត្តកំពង់ធំ ៖ បុរសម្នាក់បានដើរចូលទៅក្នុងបន្ទប់ទឹក បំណងបត់ជើង ស្រាប់តែអកុសល ងងឹតមុខដួលផ្កាប់មុខចូលក្នុងអាងទឹក បណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ទឹកផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង។
បុរសរងគ្រោះខាងលើ មានឈ្មោះជឿន ចម្លង អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានដើរសំដៅចូលទៅក្នុងបន្ទប់ទឹក បំណងទៅរកបត់ជើង ស្រាប់តែពេលចូលទៅដល់ ទំនងជាកើតមានអាការមិនសូវស្រួលខ្លួនខ្យល់គរ ងងឹតមុខ ទើបបណ្តាលឱ្យទប់ជំហរមិនជាប់ដួលផ្កាប់មុខចូលទៅក្នុងអាងទឹកក្នុងបន្ទប់ទឹក បណ្តាលឱ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង ខណៈដែលគ្មានអ្នកណាម្នាក់បានដឹង ឬជួយទាន់ពេលវេលានោះឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកអាងប្រាកដមែន។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕