ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ពីបទលួច ខណៈកំពុងធ្វើសកម្មភាពលួចដោះអាគុយឡាន តែត្រូវម្ចាស់មកទាន់ប្តឹងប៉ូលិស មូលដ្ឋានឱ្យចាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែឧសភា នៅចំណុចខាងមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

យោងតាមប្រភពដែលផ្សព្វផ្សាយតាមបណ្តាញសង្គម បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះជនរងគ្រោះ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជនរងគ្រោះមានឈ្មោះផល សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ រស់នៅត្រង់ចំណុចកើតហេតុ ក្នុងភូមិ-ឃុំខាងលើ។

ចំណែកជនសង្ស័យឈ្មោះវ៉ិន យឿងកាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតបានវត្ថុតាងអាគុយ១គ្រឿង ម៉ាក ATALABSX ពណ៌ខ្មៅ (របស់ជនរងគ្រោះ) និងកូនសោចំនួន២ លេខ១៣មួយ និងលេខ១០ មួយ (របស់ជនសង្ស័យ)។
ប្រភពព័ត៌មានដដែលបានឱ្យដឹងដែរថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានទុកអាគុយក្នុងរថយន្តនៅនឹងមុខផ្ទះរបស់ខ្លួន ពេលនោះក៏លេចមុខជនសង្ស័យខាងលើបានមកធ្វើសកម្មភាពយកកូនសោទៅលួចដោះយកអាគុយ តែមិនទាន់បានសម្រេចផង ត្រូវជនរងគ្រោះមកទាន់បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឱ្យចុះមកឃាត់ខ្លួនបានជាក់ស្តែងតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចដោះអាគុយឡានរបស់ជនរងគ្រោះខាងលើប្រាកដមែន ហើយកន្លងមក រូបគេធ្លាប់ដើរលួចដោះអាគុយរថយន្តរបស់គេបានសម្រេច ចំនួន២ដងមកហើយ។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវសមត្ថកិច្ចនាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕