ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សម្តេចទើបតែបានបីចៅស្រីទី២១ បន្ទាប់ពីចៅស្រីកើតបាន៥ថ្ងៃ។ ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា មានចៅ២១នាក់ (ប្រុស១២ ស្រី៩) អាចបង្កើតក្រុមកីឡាបាល់៣ប្រភេទ (បាល់ទាត់បាល់ទះ បាល់បោះ) បាន៤ក្រុម។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ថា “ទើបបានជួបនិងបីចៅស្រីទី២១ មុននេះបន្តិច។ ឪពុកម្តាយគេបានដាក់ថា ម៉ាលីយ៉ា (Malya) ឆ្លាតគ្រាន់បើ ម្តាយឈ្មោះម៉ាលី ឯកូនឈ្មោះម៉ាលីយ៉ា មិនពិបាកសរសេរ។

ក្នុងចំណោមចៅ២១នាក់ មានប្រុសចំនួន១២នាក់ និងស្រី៩នាក់ គ្រប់គ្រាន់ដើម្បីបង្កើតក្រុមបាល់ទាត់បុរសមួយក្រុម បាល់ទះបុរសមួយក្រុម បាល់បោះបុរសមួយក្រុម និងបង្កើតក្រុមបាល់ទះនារី មួយក្រុម។ ចង់បានដូចនេះ ចៅប្រុសទាំងអស់ត្រូវចេះលេង៣ប្រភេទកីឡា គឺបាល់ទាត់ បាល់ទះ និងបាល់បោះ។ នេះគ្រាន់តែជាការគិតរបស់ជីតា តែមិនដឹងថា ចៅៗនឹងធ្វើតាមយើងឬអត់?”។

ដោយឡែក កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីបាត់បង់ម្តាយក្មេកជាងមួយសប្តាហ៍ សម្តេចទទួលបានចៅស្រីទី២១ តែដោយសារតែកូវីដ-១៩ សម្តេចមិនបានទៅបីចៅចេញពីមន្ទីរពេទ្យ ដូចចៅមុនៗឡើយ។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ថា “បន្ទាប់ពីការបាត់បង់មាតាក្មេក នាសប្តាហ៍កន្លងទៅ ថ្ងៃនេះខ្ញុំទទួលបានចៅស្រីមួយរូបទៀត ដែលជាចៅទី២១ របស់ខ្ញុំនិងភរិយា។ ស្វាគមន៍និងជូនពរចៅ ទទួលបានសេចក្តីសុខ។ តាមិនបានទៅបីចៅចេញពីមន្ទីរពេទ្យ ដូចចៅមុនៗឡើយ ដោយសារតែជំងឺឆ្លងកូវីដ-១៩”។
គួរបញ្ជាក់ថា ចៅស្រីទី២១ របស់សម្តេចហ៊ុន សែន គឺជាកូនរបស់កូនស្រីពៅសម្តេច គឺអ្នកស្រីហ៊ុន ម៉ាលី៕
ខៀវទុំ